ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន(Joe Biden) ឲ្យត្រួតពិនិត្យធ្វើតេស្តសារធាតុញៀនមុនពេលចូលរួមប្រកួតប្រជែងសម្តីជាលើកដំបូង ក្នុងការឃោសនាបោះឆ្នោត។
ប្រធានាធិបតីដូណាល់ ត្រាំបានលើកឡើងថា «គ្មានអ្នកណាគិតថា គាត់«បៃឌិន»យកឈ្នះក្នុងការប្រជែងរបស់គណបក្សប្រជាធិបតេយ្យឡើយ ដោយគាត់ជាមនុស្សអន់ខ្លាំងណាស់ ក្នុងការជជែកវែកញែកជាមួយគូប្រជែងក្នុងគណបក្សគឺលោកBernie Sandersនាពេលកន្លងមក»។
លោកត្រាំបានលើកឡើងទៀតថា«ប្រសិនបើយើងទៅមើលឃ្លីបជជែកនាពេលកន្លងមករបស់លោកបៃឌិន គឺពិតជាអាក្រក់ខ្លាំងណាស់ មិនមានការផ្សារភ្ជាប់។ ជាមួយគ្នានេះលោកត្រាំ ស្នើឲ្យធ្វើតេស្តសារធាតុញៀនដល់លោកបៃឌិន មុនពេលឡើងប្រកួតប្រជែងដេញដោលពីគោលនយោបាយដឹកនាំប្រទេស។
ប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងថា លោកបៃឌិន ប្រើប្រាស់គ្រឿងញៀនជំនួយស្មារតី ប៉ុន្តែមិនបានបង្ហាញភស្តុតាងនោះឡើយ ។ លោកត្រាំបានបញ្ជាក់ថា ការលើកឡើងរបស់លោក គឺពឹងផ្អែកទៅលើការត្រួតពិនិត្យផ្ទាល់ខ្លួនលោកតែប៉ុណ្ណោះ។
តាមគម្រោង លោកត្រាំ និងលោកបៃឌិន មានការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូង នៅមហាវិទ្យាល័យ Case Western Reserve ក្នុងទីក្រុងCleveland នាថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២០៕ ដោយ៖ធីរីណា