ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ជនសង្ស័យ២នាក់និងរឹបអូសថ្នាំញៀន១៦កញ្ចប់។
ការបង្រ្កាបគ្រឿងញៀននេះបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២និង១៥នាទីរសៀល នៅចំណុចក្រុមទី១៤ ភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ២នាក់ដែលមាន ឈ្មោះ យុន ខាម ហៅ ង៉ុយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងឈ្មោះ វុត្ថា សាវី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅ ភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៦កូនថង់ ទម្ងន់ ៣,៩៤ក្រាម (ទាំងសំបក), ទូរស័ព្ទដៃចំនួន ២គ្រឿង (ចាស់), កាបូបដាក់លុយចំនួន ០២, សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕ដោយ៖ប្រាថ្នា