ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសតួកគី ក្នុងដែនសមុទ្រមេឌីទែរ៉ាណេខាងកើត បារាំង,អ៉ីតាលី,ក្រិក និងប្រទេសស៊ីប ធ្វើសមយុទ្ធយោធារួមគ្នា

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីជាការឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពរបស់ប្រទេសតួកគី នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ប្រទេសចំនួន៤មានដូចជា៖បារាំង,អ៉ីតាលី,ក្រិក និងប្រទេសស៊ីប បានរួមគ្នាធ្វើសមយុទ្ធយោធាផ្លូវអាកាស និងសមុទ្រ។ នេះបើតាមការអះអាងពីក្រសួងការពារជាតិស៊ីបដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់ចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែសីហា ម្សិលមិញនេះ។

ក្រសួងការពារជាតិស៊ីប បានថ្លែងឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សមយុទ្ធយោធារយៈពេល៣ថ្ងៃនឹងចាប់ផ្តើមនៅព្រឹកថ្ងៃពុធទី២៦នេះ  នៅឯច្រាំងភាគខាងត្បូងនៃកោះស៊ីប និងជិតតំបន់ដែលប្រទេសតួកគី បាន និងកំពុងមានសកម្មភាពយោធានៅទីនោះ។ ក្នុងសេចក្តីថ្លែងការដដែល បានសង្កត់ធ្ងន់ដូច្នេះថា៖ «គំនិត ផ្តួចផ្តើមបួនទិសនេះគឺជាភស្ដុតាងជាក់ស្តែងនៃការយោគយល់គ្នាទៅវិញទៅមក និងជាការលះបង់ចំពោះគោលការណ៍ច្បាប់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី កាត់បន្ថយភាពតានតឹង តាមរយៈមធ្យោបាយនយោបាយ»

គួរបញ្ជាក់ថា ប្រទេសតួកគីបានទទួលរងការរិះគន់ពីសំណាក់សហភាពអ៉ឺរ៉ុបក៏ដូចជាបណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួន នាប៉ុន្មានថ្ងៃចុងក្រោយនេះជុំវិញការចាប់ផ្តើមសកម្មភាពលំហាត់សឹក ក្នុងដែនសមុទ្រដែលមានជម្លោះជាមួយប្រទេសក្រិក ដែលភាគីតួកគីអះអាងថាជា ដែនអធិបតេយ្យភាពរបស់ខ្លួន។ព្រោះកាលពីថ្ងៃអង្គារថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានធ្វើទស្សនកិច្ចនៅប្រទេសក្រិក និងតួកគី ដើម្បីបញ្ចុះបញ្ចូលភាគីទាំងពីរឲ្យចូលតុចរចារ ជៀសវាងការប្រឈមមុខដាក់គ្នាផងដែរ

ដោយ៖សតារា


ចែករំលែក៖