ភ្នំពេញ៖ ដោយមានគោលការណ៍ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះឃាត់រថយន្តដឹកជញ្ជូនដី ខ្សាច់ ថ្ម ក្រួស នៅត្រង់ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ និងលាងសម្អាតផ្លូវក៏ដូចជាកាត់ជម្រះស្មៅនៅចំណុចច្រកផ្លូវចូលសាលាខណ្ឌមានជ័យផងដែរ ។
អញ្ជើញចូលរួមក្នុងសកម្មភាពនេះមានក្រុមការងារគណៈកម្មាធិការក្រុង,
លោកវរសេនីយ៍ទោ ជឹម សុភ័ក្រ អធិការរងនគរបាលខណ្ឌមានជ័យ, លោកវរសេនីយ៍ត្រី ណុល សុធា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ , លោក ឡេង ច័ន្ទភក្រ្តា ប្រធានសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ ។ គោលបំណងនៃការចុះឃាត់នេះដែរគឺដើម្បីធ្វើការអប់រំណែនាំដល់អ្នកបើកបរ រថយន្តដឹកជញ្ជូនដី ខ្សាច់ ថ្ម ក្រួស ពេលដឹកមិនត្រូវឱ្យហូរហៀរ ឬប្រឡាក់លើផ្លូវ ៦០ម៉ែត្រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ឬក៏អាចប៉ះពាល់លើអ្នកធ្វើដំណើរលើដងផ្លូវនេះផងដែរ និងពិនិត្យមើលរថយន្តតទ្រុងខុសបច្ចេកទេស ។
ចំពោះ រថយន្តដែលក្រុមការងារឃាត់បានមានចំនួន៨គ្រឿង ត្រូវយកមករក្សាទុកនៅសាលាខណ្ឌមានជ័យដើម្បីឲ្យមន្រ្តីជំនាញពិនិត្យទៅលើអ្នកបើកបរ និង ពិនិត្យមើលបណ្ណបើកបរ រួមទាំងច្បាប់អនុញ្ញាតនិងលក្ខណៈបច្ចេកទេស ផ្ទុកលើសទម្ងន់ ដើម្បីដោះស្រាយតាមនិីតិវិធី ច្បាប។
ជាមួយគ្នានោះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានសំណូមពរឲ្យរថយន្តដឹកដីដែលកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រ ( មហាវិថី សម្តេចតេជោ)ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ។
ពេលរថយន្តដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងសម្អាតកង់រថយន្តឲ្យបានស្អាត ត្រូវគ្របតង់ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានការហូរទឹកប្រឡាក់ផ្លូវដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។ ម្យ៉ាងវិញទៀតស្នើសុំកុំឲ្យដឹកលើសទម្ងន់ អាចកើតជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងអាចប៉ះពាល់ដល់សោភណភាពទីក្រុងថែមទៀតផង ៕
ដោយ៖ ភារ៉ា ដង្កោ