រុស្ស៊ីចាប់ផ្តើមចាក់សាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩លើកទី៣ (ចុងក្រោយ) ដល់ពលរដ្ឋរស់នៅទីក្រុងមូស្គូ ក្រោយពេលរដ្ឋាភិបាលបានប្រកាសទទួលស្គាល់កាលពីដើមខែសីហា ។
តាមសារព័ត៌មានFox News បានផ្សាយនៅថ្ងៃទី ២៧ ខែសីហាថា អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានអញ្ជើញពលរដ្ឋក្នុងទីក្រុងចូលរួមចាក់សាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
កន្លងមក សហគមន៍អន្តរជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចវ៉ាក់សំាងប្រឆាំងកូវីដ-១៩របស់រុស្សុីមិនមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព ដោយសារតែការធ្វើតេស្តលឿនពេក។
នៅពេលនេះដែរ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបញ្ជាក់ថា ការចាក់សាកល្បង វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំណាក់កាលទី៣ ធ្វើឡើងដូចទៅនឹងវ៉ាក់សាំងផ្សេងទៀតដែលអូសបន្លាយរយៈពេល៦ខែ ដោយមានការចូលរួមពីពលរដ្ឋសម្រាប់ការធ្វើតេស្ត៤ម៉ឺននាក់ ។
លោក Sergei Sobyanin បានលើកឡើងថា «យើងទាំងអស់គ្នាបានទន្ទឹងរង់ចាំការផលិតវ៉ាក់សាំង ដោយជោគជ័យ ហើយពេលនេះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានមកដល់ដៃយើងហើយ។ ពលរដ្ឋនៅទីក្រុងមូស្គូមានឱកាសក្នុងការចូលរួមជាផ្លូវការយកឈ្នះទៅលើសត្រូវ កូវីដ-១៩ »៕ដោយ៖ធី រីណា