អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ ត្រូវបានអាជ្ញាធរចិនឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាជិះទូកមួយគ្រឿង នៅឯតំបន់ឆ្នេរសមុទ្រនៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន ដើម្បីព្យាយាមរត់ចេញពីក្រុងហុងកុង ទៅកោះតៃវ៉ាន់។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ដែលដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ដោយអាជ្ញាធរខេត្តក្វាងទុងបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្ស១០នាក់ ។ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ ហុងកុង ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា មនុស្សដល់ទៅ១២នាក់ឯណោះ មកពីទីក្រុងហុងកុង ត្រូវបានឃាត់ខ្លួន កំឡុងពួកគេព្យាយាមជិះទូកមួយគ្រឿង ឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដើម្បីស្នើសុំសិទ្ធិជ្រកកោននយោបាយ។
ប៉ុន្តែជុំវិញបញ្ហានេះដែរ រហូតមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើអ្នកទាំងនេះ នឹងត្រូវបានចោទប្រកាន់ពីបទអ្វីនោះទេខណៈនេះគឺជារឿងដ៏កម្រដែល អាជ្ញាធរចិន ឃាត់ខ្លួនពលរដ្ឋហុងកុង ដែលព្យាយាមរត់ចេញពីទីក្រុងមួយនេះ។
បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងហុងកុង មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយទៅនឹងសេចក្ដីរាយការណ៍ខាងលើ។ ខណៈកោះតៃវ៉ាន់ ធ្លាប់សន្យាជាច្រើន លើកថាខ្លួនស្វាគមន៍ជានិច្ច និងផ្ដល់ជំនួយដល់ប្រជាជនហុងកុងដែលមានបំណងរត់ចេញពីទីក្រុងកំណើតរបស់ពួកគេ ចាប់តាំងពីចិនដាក់ឱ្យ អនុវត្តច្បាប់សន្តិសុខជាតិថ្មី៕
ដោយ៖ស តារា