អន្តរជាតិ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស៊ិនហ្សូ អាបេបានប្រកាសថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីជប៉ុនក្រោមហេតុផលបញ្ហាសុខភាព ហើយអ្វីដែលពិសេសនោះគឺដើម្បីបញ្ចៀសបញ្ហាដែលអាចកើតឡើងដោយសារសុខភាពរបស់លោក ។បន្ទាប់ពីលេចលឺព័ត៍មានថា លោក អាបេ ចេញចូលមន្ទីរពេទ្យញឹកញាប់ បានធ្វើឲ្យមជ្ឈដ្ឋានជុំវិញមានការពុះកញ្ជ្រោលច្រើនថ្ងៃផងដែរ ។ហើយនេះជាការលាលែងពីតំណែងលើកទីពីររបស់លោក អាបេ ផងដែរ ។
បើតាមទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយថា៖ បញ្ហាជំងឺក្រពះរ៉ាំរ៉ៃ បានបង្ខំឲ្យលោក ស៊ិនហ្សូ អាបេ ចុះចេញពីតំណែងនាយករដ្ឋមន្រ្តីជាថ្មីនៅឆ្នាំ២០២០នេះ។ នៅឆ្នាំ២០០៧ លោក ក៏បានចុះចេញពីតំណែងដោយសារបញ្ហាក្រពះនេះដែរ។
ដោយឡែកលោក តារ៉ូ អាសូ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ នឹងដឹកនាំការងារសិនទម្រាំមាននាយករដ្ឋមន្រ្តីថ្មីនោះ ។ ជានីតិវិធី បើលោកអាបេ លាលែងពីតំណែងមែន បក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច ត្រូវបោះឆ្នោតរើសប្រធានបក្សជំនួសលោក អាបេហើយបន្ទាប់មកសភាបោះឆ្នោតលើបេក្ខជននាយករដ្ឋមន្រ្តីថ្មីដែលជាប្រធាននោះ។
គួរបញ្ជាក់ថា លោក អាសូ, ប្រធានលេខាធិការគណៈរដ្ឋមន្រ្តី Yoshihide Suga, រដ្ឋមន្រ្តីការបរទេស Motegi Toshimistu និងរដ្ឋមន្ត្រីការពារជាតិតារ៉ូ កូណូ ជាបេក្ខជនដែលអាចបន្តតំណែងពីលោក អាបេ ៕ដោយ៖ស តារា