ភ្នំពេញ៖ គណៈគ្រប់គ្រងតាមបណ្ដាខេត្តនានាអមដំណើរដោយមន្ត្រីអប់រំយុវជន និងកីឡា អាជ្ញាធរក្នុងតំបន់គណៈគ្រប់គ្រងសាលារៀនលោកគ្រូអ្នកគ្រូ បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំស្ថានភាពបន្ទប់រៀននៅតាមសាលានីមួយៗដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរៀនឡើងវិញក្នុងដំណាក់កាលទី២។
ការចុះពិនិត្យនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្ដីណែនាំអំពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងដំណាក់កាលទី២ ដើម្បីធានាបានថាការបើកដំណើរការនេះប្រកបដោយស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើយ៉ាងឱ្យបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាពបរិយាបន្ន ផាសុខភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្សត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ ក្នុងមួយថ្នាក់បញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖ សិលា