ភ្នំពេញ៖ បុរសម្នាក់យក Logo អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានី ទៅប្រើប្រាស់ផ្ដេសផ្ដាស នៅលើ Facebook ទីបំផុត ក៏ត្រូវនគរបាលហៅទៅសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ចប់សកម្មភាពមិនសមរម្យល្មើសច្បាប់នេះ។
ផេកស្នងការរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា បុរសដែលសមត្ថកិច្ចហៅមកសួរនាំនេះ មានឈ្មោះ ស៉ឹម ឆាយ៉ាវីរៈ ប្រើប្រាស់គណនី Facebook ឈ្មោះ RoNg Reach បានយក Logo របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្ជាប់ជាមួយរូបថតរបស់ខ្លួនយកទៅប្រើដោយខុសច្បាប់។
តាមរយៈ Facebook ក្រុមការងារព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានកោះហៅបុរសម្នាក់ឈ្មោះ ស៉ឹម ឆាយ៉ាវីរៈ ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ RoNg Reach ដែលបានយកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតបស់ខ្លួនដោយខុសច្បាប់ និងមិនមានការអនុញ្ញាត»។
ពាក់ព័ន្ធករណីនេះ មជ្ឈដ្ឋានពីប្រជាពលរដ្ឋបានលើកឡើងថា៖ ហេតុអីនៅសុខៗ ចូលចិត្តបង្កើតតែរឿងរ៉ាវប្លែកៗ ដែលមិនស្របច្បាប់ យកទុក្ខមកដាក់លើខ្លួន ។ អ្នកលេង Facebook គួរធ្វើព័ត៌មាន ចំណេញដល់សង្គម កុំបំភ្លៃ បំផ្លើស បំប៉ោង បំពុលដល់សង្គម ធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ រំខានដល់សមត្ថកិច្ចធ្វើអី៕ដោយ៖ សិលា