ខេត្តតាកែវ៖ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រគល់ម៉ូតូចំនួន៤គ្រឿងដែលបង្ក្រាបបានពីក្រុមចោរ៣នាក់ ជូនដល់ប្រជាពលរដ្ឋដែលម្ចាស់ដើមវិញ។
លោកបន្តថា ចំណែកម៉ូតូដែលនៅសល់ចំនួន៣គ្រឿងទៀតមិនទាន់រកម្ចាស់ឃើញនោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ រង់ចាំម្ចាស់មកយក។
លោកអធិការបន្តថា សម្រាប់ក្រុមចោរលួចប្លន់យ៉ាងសកម្មទាំង៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបាទី ខេត្តតាកែវ បង្ក្រាបបានក្រុមចោរប្លន់យ៉ាងសកម្មចំនួន៣នាក់ តែងតែធ្វើសកម្មភាពប្លន់ម៉ូតូ លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តតាកែវ និងឆ្លងខេត្តផ្សេងទៀតផងដែរ ដោយបានរឹបអូសម៉ូតូ៦គ្រឿង និងវត្ថុតាងជាច្រើនទៀត។
ក្នុងការបង្ក្រាបនេះ ដោយមានការចង្អុលបង្ហាញនិងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ជនសង្ស័យទាំង៣ដែលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះចែម សារ៉េត ហៅប៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិព្រះ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ, ទី២- ឈ្មោះ ត្រុក រិត ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងទី៣-ឈ្មោះ ឌុច សុខ ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាស៊ូ ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ចំណែកវត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន៦គ្រឿង ប្រដាប់កាច់កម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន។ កូនសោមួយចំនួន ដាវសាមូរ៉សកែច្នៃចំនួន១ ថ្នាំញៀនចំនួន៤កញ្ចប់តូច ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងដែកកេះចំនួន៧៕
ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល