ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានជំរុញឲ្យក្រុមអ្នកឯកទេសវេជ្ជសាស្ត្រប្រញាប់ប្រញាល់ បញ្ចេញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យបានឆាប់បំផុត ។
ប្រទេសជាច្រើន ក៏ដូចជាក្រុមហ៊ុនផលិតឱសថនៅលើពិភពលោកកំពុងតែប្រកួតប្រជែងគ្នាផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យបានលឿនបំផុត ។ មជ្ឈមណ្ឌលគ្រប់គ្រងស្បៀងអាហារនិងឱសថអាមេរិក (FDA) បានប្រកាសថា បានត្រៀមលក្ខណៈផ្តល់ការអនុញ្ញាតឲ្យផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីមិនទាន់បញ្ចប់ដំណាក់កាលសាកល្បងចុងក្រោយក្តី។
រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំកំពុងតែត្រួតពិនិត្យ «ហក់រំលង»ដំណាក់កាលនៃការផលិតវ៉ាក់សាំងដើម្បីសម្រេចបានគោលដៅឆាប់បំផុត មុនពេលបោះឆ្នោតនៅដើមខែវិច្ឆិកាឆ្នាំ២០២០នេះ។
កន្លងមកលោកត្រាំបានប្រកាសថា អាមេរិកនឹងផលិតបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅមុនឆ្នាំ២០២១ ។លោកត្រាំ បញ្ជាក់ថា«យើងនឹងយកឈ្នះកូវីដ-១៩ក្នុងពេលឆាប់ៗខាងមុខ»។សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងពិីការដាក់សម្ពាធទៅលើក្រុមវិទ្យាសាស្ត្រ ដើម្បីសម្រេចគោលដៅនយោបាយរបស់រដ្ឋាភិបាលលោកត្រាំ ចេញវ៉ាក់សាំងមុនពេលបោះឆ្នោត ដើម្បីទាក់ទាញអ្នកគាំទ្រឱ្យបានកាន់តែច្រើន៕ដោយ៖ធី រីណា