ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានសាច់ញាតិ និងអ្នកភូមិផងរបងជាមួយអះអាងប្រាប់សមត្ថកិច្ច គាត់បានធ្វើអត្តឃាតចងកលើដើមអម្ពិល ដែលអាចបណ្តាលបញ្ហាខួរក្បាល ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង ទាំងព្រឹកព្រលឹមថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចដើមអម្ពិលខាងកើតផ្ទះរបស់ឈ្មោះ នាង សឿន ភេទស្រី ត្រូវជាបងស្រីបង្កើត ស្ថិតនៅភូមិសាមគ្គី ឃុំស្នាព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសពឈ្មោះ នាង ប៉ក់ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ក្រោយសមត្ថកិច្ចសហការស្រាវជ្រាវ និងពិនិត្យ ព្រមទាំងការបំភ្លឺពីសាច់ញាតិ និងអ្នកភូមិក្បែរខាងគ្នា កន្លងមកជនរងគ្រោះមានបញ្ហាខួរក្បាល ធ្វើឲ្យរូបគាត់ចេះតែមានអាការៈរវើរវាយ ខ្លាចគេ ឃើញនេះឃើញនោះរត់ពួនមិនឈប់ឈរ ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដ សពបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យ ៕ ដោយ៖ បុឹម ពិន