ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មការសង្គមកិច្ច និងមន្ត្រីក្រុមការងារបច្ចេកទេស សម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច អំពីការងារត្រៀមរៀបចំលើការងារពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ ដែលសភាកម្ពុជានឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដែលផ្សាយចេញពីប្រទេសវៀតណាម។
នៅក្នុងកិច្ចប្រជុំនេះ លោកស្រី និន សាផុន បានស្នើឱ្យលោក លោកស្រី និងមន្ត្រីក្រុមការងារទាំងអស់ពិនិត្យនិងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ចំពោះឯកសារដែលបានយកមកពិនិត្យ និងពិភាក្សានាពេលនេះ ព្រោះថា ខ្លឹមសារឯកសារក្នុងរបាយការណ៍នេះ មានសារៈប្រយោជន៍ណាស់សម្រាប់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤១ ដើម្បីរួមចំណែកជាទស្សនទាន ក៏ដូចជាដោះស្រាយបញ្ហារួមនានា ដែលកើតមាននៅក្នុងតំបន់អាស៊ាន និងសកលលោក។ លោកស្រី និន សាផុន បានបញ្ជាក់ថា អាស៊ាន អាយប៉ា ពិតជាមានសារៈសំខាន់ជួយដល់ប្រទេសសមាជិកអាស៊ានទំាងអស់ ដើម្បីបង្ហាញពិភពលោក និងដៃគូអភិវឌ្ឍន៍នានាបានឃើញកាន់តែច្បាស់ពីសក្តានុពលរបស់អាស៊ាន។ ជាពិសេសជំរុញថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដែលជាបញ្ហារួមរបស់ពិភពលោក ទោះបីជាប្រទេសយើងនីមួយៗ កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នេះក្តី។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា៕ដោយ៖សិលា