អន្តរជាតិ៖ ក្រោយប្រជាជនថៃនាំគ្នាតវ៉ា នៅលើបណ្ដាញសង្គម Twitter ដោយអ្នកប្រើប្រាស់ជនជាតិថៃ នាំគ្នាចែករំលែកសារថា៖ ប្រជាជនមិនត្រូវការនាវាមុជទឹកនោះឡើយ ព្រោះការប្រើប្រាស់លុយសន្ធឹកសន្ធាប់នៅពេលសេដ្ឋកិច្ចប្រទេសថៃ កំពុងជួបបញ្ហាដោយសារជំងឺ COVID-19នោះ ។ ប៉ុន្តែពេលនេះរដ្ឋាភិបាលថៃ បានសម្រេចចិត្តពន្យារពេលទិញនាវាមុជទឹកចំនួនពីរគ្រឿងពីប្រទេសចិន ដែលមានតម្លៃ៧២៤លានដុល្លារ។ ព្រោះនាវាមុជទឹកពីរគ្រឿងនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងថៃជំនាន់រដ្ឋាភិបាលយោធា និងចិនក្នុងការទិញលក់នាវាមុជទឹកចំនួនបីគ្រឿង។
សូមជម្រាបថា បន្ទាប់ពីប្រជាជនថៃ បានបង្ហាញការមិនសប្បាយចិត្តខ្លាំងក្រោយអនុគណៈកម្មាធិការសភាយល់ព្រមលើគម្រោងទិញនាវាមុជទឹកពីរគ្រឿងតម្លៃ៧២៤លានដុល្លារពីប្រទេសចិន ហើយទាមទារឲ្យរដ្ឋាភិបាលទម្លាក់គម្រោងនេះចោល ព្រោះកាលៈទេសៈបច្ចុប្បន្នមិនមែនជាពេលដែលត្រូវចំណាយលុយក្រាស់ក្រែលលើយុទ្ធោបករណ៍ឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយថា លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ បាននិយាយថា៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា និងរដ្ឋមន្ត្រីការពារជាតិ បានប្រាប់ឲ្យកងទ័ពជើងទឹកពិចារណាពន្យារពេលទិញនាវាមុជទឹកនេះសិន។ លោក Anucha បន្ថែមថា៖ «កងទ័ពជើងទឹកថៃ នឹងជជែកជាមួយភាគីលើការពន្យារពេលមួយឆ្នាំ»។លោក Anucha សង្កត់ធ្ងន់ថា លោក ប្រាយុទ្ធ ផ្ដល់អាទិភាពមុនដល់ការដោះស្រាយក្ដីបារម្ភរបស់ប្រជាជនថៃ ។
សូមជម្រាបថា ក្រោយមានការរិះគន់ កងទ័ពជើងទឹកថៃ ក៏ចេញមុខការពារនិងបកស្រាយការទិញនេះដែរ។ ដោយទ័ពជើងទឹកថៃ បានអះអាងថា លុយដែលត្រូវចំណាយលើការទិញនេះ ជាការដកចេញកញ្ចប់ថវិការបស់ខ្លួនប៉ុណ្ណោះ ស្របពេលប្រទេសក្នុងតំបន់មានវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ក៏មាននាវាមុជទឹកស្រាប់ហើយនោះ។ ម្យ៉ាង ការទិញនេះ ក៏ជាស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ស្រាប់ដែរ ខណៈដែលការបញ្ជាទិញនាវាមុជទឹកមួយគ្រឿងដំបូង នឹងចប់សព្វគ្រប់នៅឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែពេលនេះរដ្ឋាភិបាលថៃ ក៏យល់ព្រមផ្អាកការទិញនេះសិនដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ វិបត្តិសេដ្ឋកិច្ចនីប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុកព្រោះវិស័យទេសចរណ៍ដែលជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋអាស៊ីអាគ្នេយ៍មួយនេះ និងវិស័យផលិតទំនិញនាំចេញ រងផលប៉ះពាល់ខ្លាំងជាងគេដោយសារជំងឺ COVID-19 ៕ដោយ៖ស តារា