ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោង ខុន ៖ ស្វីសប្ដេជ្ញាបន្តជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ពលរដ្ឋកម្ពុជា រយៈពេល៤ឆ្នាំទៀត

ចែករំលែក៖

ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា កាន់តែមានសង្ឃឹម មួយកម្រិតទៀត ខណៈការិយាល័យ សហប្រតិបត្តិការ ស្វីស បានពាំនាំដំណឹង មកជម្រាបប្រាប់ ក្រសួងទេសចរណ៍ ឱ្យដឹងថា រដ្ឋាភិបាលស្វីស នឹងបន្តជួយគាំទ្រ លើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ទេសចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅខេត្ត ភាគខាងជើង និងភាគឦសាន រយៈពេល៤ឆ្នាំទៀត។
ចំពោះការឱ្យដឹងនេះ ត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យ សហប្រតិបត្តិការ ស្វីស នៃស្ថាន អគ្គកុលស៊ុលស្វីស ប្រចាំកម្ពុជា នៅទីស្ដីការ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្ត ជួយអភិវឌ្ឍន៍ជំនាញ វិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមខេត្តភាគខាងជើង និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។
លោក រដ្ឋមន្ត្រី ក៏បានស្នើឱ្យ មានការពង្រឹង កិច្ចសហប្រតិបត្តិការ បន្ថែមទៀត ពិសេស លើផ្នែកទេសចរណ៍ សហគមន៍ ដើម្បីធ្វើយ៉ាងបង្កើន ការបណ្ដុះបណ្ដាល លើផ្នែកគុណភាព សេវាកម្មទេសចរណ៍ ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋ មូលដ្ឋានឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹង បរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ ឬ New Normal Life។ ចំពោះសំណើនេះ លោក ម៉ាខឺស ប័រលី មានការពេញចិត្តយ៉ាងខ្លាំងក្នុងការទទួលយកទៅពិចារណា។
លោករដ្ឋមន្ត្រី បានបញ្ចាក់ថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់ បានសហការគ្នា លើការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាង មានដូចជា គម្រោងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ ទេសចរណ៍ ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានចំណេះជំនាញ ស្របតាមស្ដង់ដាអាស៊ាន។ ក៏មានដែរ នូវការជួយរៀបចំ ស្ដង់ដាទទួលស្គាល់ អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍ តែមិនទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រ ខណៈគម្រោងទាំងនេះសុទ្ធមានរយៈពេល៤ឆ្នាំដូចគ្នា។
ជាមួយគ្នានោះ ក៏មានកម្មវិធីបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈទេសចរណ៍ ដល់គ្រួសារ ដែលងាយរងគ្រោះ ឬគ្រួសារពលរដ្ឋ នៅខេត្តសៀមរាប ដែលមានទំនោរចង់ ធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃដើម្បីឱ្យពួកគេមានជំនាញផ្ទាល់ខ្លួន ហើយងាកមកចាប់យកការងារលើវិស័យទេសចរណ៍ក្នុងប្រទេស ឬក្នុងមូលដ្ឋានរបស់ខ្លួនវិញ។
សូមបញ្ចាក់ថា កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈ នៃការយោគយល់ គ្នាជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ ទេសចរណ៍បន្ថែម ដល់អ្នកបម្រើការ ក្នុងវិស័យទេសចរណ៍ នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី។ កម្មវិធីបណ្ដុះបណ្ដាលនេះ ក៏ត្រូវមានការឆ្លើយតបទៅនឹង ស្ដង់ដាអាស៊ាន ហើយក៏ឆ្លើយតបទៅនឹង របៀបរបប នៃការរស់នៅថ្មី ឬ New Normal Life ក្នុងពេលមានវិបត្តិជំងឺកូវីដ និងក្រោយពេលវិបត្តិនេះផងដែរ។
មិនតែប៉ុណ្ណោះ ស្វីសថែមទាំងបានចូលរួម ជួយកម្ពុជា ក្នុងការរៀបចំ ស្ដង់ដាអាស៊ាន ចំនួន ២ គឺស្ដង់ដាស្ប៉ា-ម៉ាស្សា និងស្ដង់ដា MICE ដែលកម្ពុជា ដឹកនាំលើការងារនេះ។ បន្ទាប់ពីរៀបចំ ស្ដង់ដាអាស៊ាន ទាំងពីរនេះបានហើយ ស្វីស ក៏កំពុងពិចារណា លើគម្រោងកម្មវិធី ជួយបណ្ដុះបណ្ដាល ជំនាញស្ប៉ា-ម៉ាស្សា និងជំនាញ MICE នេះដល់ប្រជាពលរដ្ឋកម្ពុជា ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖