អន្តរជាតិ៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ទីក្រុងហុងកុង បានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីរកCOVID-19 ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺមានប្រជាជនមួយចំនួនមិនចង់ទៅធ្វើតេស្តនោះឡើយ ព្រោះយុទ្ធនាការនេះ មានការចូលរួមពីក្រុមគ្រូពេទ្យមកពីទីក្រុងប៉េកាំង។ ខណៈដែលអ្នកនយោបាយដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ អំពាវនាវឲ្យប្រជាជនកុំទៅធ្វើតេស្ត ។
ជាក់ស្តែងកម្មវិធីនេះ ធ្វើឡើងដើម្បីស្វែងរកអ្នកផ្ទុក COVID-19 ក៏ដូចជាលុបបំបាត់ករណីឆ្លងនៅក្នុងទីក្រុងហុងកុង ។ ប៉ុន្តែផែនការនេះមិនសូវទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងទីក្រុងឡើយ ព្រោះប្រជាជនហុងកុងខ្លាចរដ្ឋបាលក្រុងប៉េកាំង យកទិន្នន័យរបស់ខ្លួនក៏ដូចជា DNA ដើម្បីតាមដាន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា ទីតាំបរៀបចំមណ្ឌលធ្វើតេស្តរក COVID-19 នៅទីក្រុងហុងកុង មានចំនួន ១៤១កន្លែង។បើគិតត្រឹមថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ មានមនុស្សចំនួន ៥១ម៉ឺននាក់ប៉ុណ្ណោះដែលបានចុះឈ្មោះ ដើម្បីធ្វើតេស្ត ខណៈទីក្រុងហុងកុងមានប្រជាជនសរុបប្រមាណ ៧,៥លាននាក់។
សូមជម្រាបថា នៅក្នុងយុទ្ធនាការនេះ មានទាំងការគាំទ្រ និងមិនគាំទ្រ។ បើតាមសម្តីស្ត្រីវ័យ ៣០ឆ្នាំម្នាក់ ដែលគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលហុងកុង បាននិយាយថា «ខ្ញុំនឹងធ្វើតេស្តរកCOVID-19 ដើម្បីខ្លួនឯង និងអ្នកដទៃ»។ ខណៈប្រជាជនមួយចំនួនទៀត បានសម្រេចថា មិនទៅធ្វើតេស្តព្រោះមិនជឿជាក់លើរដ្ឋាភិបាល។
ដោយឡែកអ្នកនយោបាយ និងអ្នកតំណាងរាស្ត្រ ដែលមានទំនោរទៅរកប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី៣០ ខែសីហាក៏បានអំពាវនាវឲ្យប្រជាជនពហិកាទៅធ្វើតេស្តរកCOVID-19 ព្រោះមានទីក្រុងប៉េកាំងនៅពីក្រោយ និងការពារទីក្រុងប៉េកាំងយក DNA ដើម្បីតាមដានផងដែរ។
ជុំវិញបញ្ហានេះរដ្ឋាភិបាលហុងកុង បានច្រានចោលបញ្ហានឹងការបារម្ភរបស់ប្រជាជនជុំវិញការយកDNA នេះ ដោយអះអាងថា មិនមានការយកសំណាកណាមួយ ទៅមន្ទីរពិសោធន៍នៅទីក្រុងប៉េកាំងទេ។ ចំណែកលោកស្រីការី ឡាំ បានលើកឡើងថា អ្នកជំទាស់នឹងការធ្វើតេស្តទ្រង់ទ្រាយធំគឺមិនអាចអត់ឱនឲ្យបានឡើយ។
គួរបញ្ជាក់ថា កន្លងមកទីក្រុងហុងកុង បានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលហុងកុងចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំនេះ។ បើគិតមកត្រឹមថ្ងៃទី១ ខែកញ្ញា ហុងកុងមានករណីឆ្លងCOVID-19 សរុបចំនួន ៤៨១១ករណី អ្នកស្លាប់មានចំនួន ៨៩នាក់ និងអ្នកជាសះស្បើយមានចំនួន ៤៣៤២នាក់៕ ដោយ៖ស តារា