ប្រទេសជប៉ុន៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចនៅជប៉ុនបានប្រកាសនៅថ្ងៃទី២ខែកញ្ញានេះថា គណបក្សLDPនឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីជំនួសលោក ស៊ីនហ្សូ អាបេនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខ។ នៅពេលនេះ លោកYoshihide Suga ត្រូវបានគេវាយតម្លៃថាជាបេក្ខភាពលេចធ្លោជាងគេបំផុត។
ការប្រកួតប្រជែងឡើងកាន់តំណែងប្រធានបក្ស LDP កាន់តែស្វិតស្វាញ ហើយអ្នកកាន់តំណែងមេបក្សនឹងក្លាយជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុនបន្តពីលោក អាបេ ដោយសារតែបក្សកាន់អំណាចមានសំឡេងភាគច្រើនក្នុងសភា។
អ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតគណបក្ស LDP នឹងត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងកិច្ចប្រជុំសភា នាថ្ងៃទី១៦ខែកញ្ញាខាងមុខ។ បុគ្គលដែលត្រូវបន្តអាណត្តិរបស់លោកអាបេ ដល់ខែកញ្ញាឆ្នាំ២០២១ ទើបរៀបចំបោះឆ្នោតជាថ្មី។ កាលពីថ្ងៃទី២៨ខែសីហាកន្លងមក លោកអាបេបានប្រកាសលាលែងចេញពីតំណែងដោយសារតែបញ្ហាសុខភាព។
លោកYoshihide Suga ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន រយៈពេលជិត៨ឆ្នាំកន្លងមក នឹងចូលរួមប្រកួតប្រជែងតំណែងប្រធានគណបក្សកាន់អំណាច។ បេក្ខភាពដែលលេចធ្លោបន្ទាប់គឺ អតីតរដ្ឋមន្ត្រីការបរទេស លោក Fumio Kishida និងអតីតរដ្ឋមន្ត្រីការពារជាតិShigeru Ishiba៕ដោយ៖ធី រីណា