អន្តរជាតិ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្មវិធីទូរស័ព្ទ របស់ចិនចំនួន១១៨ក្នុងនោះមានហ្គេម PUBG ដែលជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនTencent Holdings ត្រូវបានរដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចបិទចោលទាំងអស់តែម្តង ។
តាមការបញ្ជាក់របស់រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃពុធ ទី២ ខែកញ្ញាម្សិលមិញនេះ បានឱ្យដឹងថា មូលហេតុនៃការបិទកម្មទូរស័ព្ទទាំងនេះគឺដោយសារតែភ័យព្រួយផ្នែកសុវត្ថិភាព ដូចដែលកន្លង មកបានបិទកម្មវិធីទូរស័ព្ទប្រមាណជិត ៦០ ដែលសុទ្ធសឹងតែជារបស់ចិន។
គួរបញ្ជាក់ថា ការបិទកម្មវិធីទូរស័ព្ទ១១៨ រួមទាំងហ្គេមដ៏ពេញនិយម PUBG នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ បាននិយាយថា កងទ័រឥណ្ឌាត្រូវ បានដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែន និងបាននិយាយថា ការដាក់ពង្រាយកងទ័រនេះគឺដោយសារតែមានការប៉ុនប៉ងលុកលុយពីចិន។
បើតាមសម្តីរបស់លោករដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាឥណ្ឌា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «កម្មវិធីទាំងនោះ (១១៨) នឹងធ្វើការប្រមូលទិន្នន័យផ្ទាល់ខ្លួន រួមនឹងព័ត៌មានផ្សេងៗរបស់អ្នកប្រើប្រាស់ដែលអាចបង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរដល់សន្ដិសុខជាតិ»។
សូមជម្រាបថា ហ្គេម PUBG បានជាប់ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកដំឡើងច្រើនជាងគេនៅប្រទេសឥណ្ឌា ពោលគឺស្មើនឹង២៤ភាគរយនៃអ្នកប្រើប្រាស់សរុប៕ដោយ៖ស តារា