ខេត្តក្រចេះ ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ។
លោក វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ផ្តោតទៅលើវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ- ការការពារសន្តិសុខសណ្តាប់ធ្នាប់នាពេលបុណ្យភ្ជុំបិណ្ឌ -ការគោរពច្បាប់ចរាចរណ៍ – វិធានការការពារពីជំងឺកូវីដ-១៩ នៅពេលបើកសាលារៀនឡើងវិញលើកទី២ -ការចុះកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងផ្តល់សាច់ប្រាក់ និងការងារផ្សេងៗជាដើម។
លោកអភិបាលខេត្ត មានប្រសាសន៍ណែនាំ និងជម្រុញទៅដល់អាជ្ញាធរពាក់ព័ន្ធទាក់ទងទៅនឹងបញ្ហាខាងលើទាក់ទងនិង-ការងារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ គឺសុំឲ្យគណ:កម្មាការវត្តនីមួយៗ ត្រូវមានវិធានការ ឬសម្ភារសម្រាប់ការពារជូនប្រជាពុទ្ធបរិស័ទ ដោយជម្រុញឲ្យលាងដៃនិងសាប៊ូ អាល់កុល ឬជែល ទៅតាមសមត្ថភាពដែលអាចធ្វើបាន ហើយសូមបងប្អូនប្រជាពុទ្ធបរិស័ទ បន្តពង្រឹងការពារខ្លួនឯងផង ដោយចាំបាច់ត្រូវឲ្យមានម៉ាស់ និងអាកុល ឬជែល នៅជាប់តាមខ្លួនជាប្រចាំ ការងារសន្តិសុខសណ្តាប់ធ្នាប់រដូវបុណ្យភ្ជុំបិណ្ឌ ហើយអាជ្ញាធរមូលដ្ឋានត្រូវពង្រឹង និងត្រួតពិនិត្យការពារផ្នែកសន្តិសុខតាមមូលដ្ឋាន ជាពិសេសតាមវត្តអារាមនានា ដោយប្រើកម្លាំង កុំពឹងផ្អែកតែពីប្រជាការពារ ជៀសវាងការបង្ករអសន្តិសុខ ដែលជាឱកាសក្នុងការលួច ឆក់ ទ្រព្យសម្បត្តិពេលប្រជាពុទ្ធបរិស័ទចាក់ចេញ ឬកំពុងតែធ្វើបុណ្យ -ត្រូវបន្តរឹតបន្តឹងពិនិត្យ និងផ្សព្វផ្សាយតាមកម្មវិធីនានាតាមមូលដ្ឋានទាក់ទង និងបញ្ហាជំងឺកូវីដ-១៩ -បញ្ហាការពាក់មួកការពារ និងបញ្ហាគ្រឿងញៀន។
លោកបន្តទៀតថា ៖ ចំពោះវិធានការការពារពីជំងឺកូវីដ-១៩ នៅពេលបើកសាលារៀនឡើងវិញលើកទី២ សុំឲ្យមន្ទីរសុខាភិបាល រួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច ធ្វើការចុះពិនិត្យប្រចាំ បង្កើតគណ:កម្មការនីមួយតាមក្រុង-ស្រុក ដោយផ្តោតជម្រុញលើការពាក់ម៉ាស់ និងលាងដៃជាប្រចាំ ជាមួយសាប៊ូ និងអាល់កុល ឬជែល របស់សិស្ស និងគ្រូ ហើយសុំពិនិត្យលើបញ្ហាទីតាំងអនាម័យ (បង្គន់ ឬបន្ទប់ទឹក) និងសុំទប់ស្កាត់ការចេញចូលពិនិត្យមើលកុមារតូចៗ ក្នុងពេលជំងឺកូវីដ-១៩ពីក្រុមអ្នកមកពីខាងក្រៅទៅលើគម្រោងនានាក្នុងវិស័យអប់រំ -ការងារចុះកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងផ្តល់សាច់ប្រាក់ សូមបន្តស្វែករក និងធ្វើការកំណត់ឲ្យបានច្បាស់លាស់ ជៀសវាងទំនាស់ ហើយផ្តល់សាច់ប្រាក់ឧបត្ថម្ភឲ្យចំគោលដៅនៃអ្នកកំពុងរងគ្រោះទាំងនោះ។
ក្នុងនោះដែរ លោកនៅតែស្នើសុំដល់គ្រប់មន្ទីរទាំងអស់ សូមចាត់មន្រ្តីចុះមូលដ្ឋាន ដោយពិនិត្យ និងពង្រឹងលើសមត្ថភាពតួនាទីរបស់ខ្លួន ក្នុងកម្រិតនៃការចូលរួមសម្រេចចិត្ត និងដោះស្រាយ ជូនប្រជាពលរដ្ឋនូវរាល់សំណូមពរ ឬសំណើរផ្សេងៗដែលពួកគាត់បានលើកឡើងទាក់ទងទៅនឹងជំនាញរបស់ខ្លួន៕
ដោយ៖ សិលា