អន្តរជាតិ៖ ព្រោះតែជំងឺរាតត្បាតសកល COVID-19 លោក ចូ បៃឌិនបេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានបើយុទ្ធនាការរៃអង្គាសប្រាក់តាមរយៈប្រព័ន្ធអនឡាញ រហូតដល់បានប្រាក់ ៣៦៤លានដុល្លារក្នុងខែសីហា ។ ហើយនេះជាតួលេខមួយ នៃការបំបែកកំណត់ត្រាក្នុងចំណោមការធ្វើយុទ្ធនាការរៃអង្គាសប្រាក់ប្រចាំខែសម្រាប់ការបោះឆ្នោត។
ក្នុងសេចក្តីថ្លែងការណ៍អរគុណដល់អ្នកគាំទ្ររបស់លោក បៃឌិនជាអ្នកនយោបាយវ័យ៧៧ឆ្នាំរូបនេះ បាននិយាយថា តួលេខនេះ ធ្វើឲ្យលោកភ្ញាក់ផ្អើលជាខ្លាំង។ លោក បៃឌិន លើកឡើងដូច្នេះថា៖«លុយជាង ២០៥លានដុល្លារ ឬប្រមាណ ៥៧ភាគរយនៃលុយដែលយើងរៃអង្គាសបាន គឺបានមកពីការឧបត្ថម្ភតាមអនឡាញ ដោយប្រជាជននាំគ្នាចូលលុយម្នាក់ ៥ដុល្លារ១០ដុល្លារ និង ២០ដុល្លារ ជាដើម»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ជាមួយគ្នានេះ លោក បៃឌិន បានទទូចឲ្យអ្នកគាំទ្ររបស់លោកបន្តចូលវិភាគទានលុយតទៅទៀត ដើម្បីធានាថា ពួកគេមានឱកាសយកឈ្នះការបោះឆ្នោតនាពេលខាងមុខប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ ។ម្យ៉ាងវិញទៀត លោកអះអាងថា ម៉ាស៊ីនរកលុយរបស់លោកត្រាំ គឺគាំទ្រដោយអ្នកខាងក្រៅ និងលុយខ្មៅ។
សូមជម្រាបថា ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក បៃឌិន បានបញ្ជាក់នៅថ្ងៃទី ១ ខែកញ្ញាថ្មិៗនេះថា អតីតអនុប្រធានាធិបតីអាមេរិករូបនេះរៃអង្គាសប្រាក់បានរហូតដល់ ៣៦៤,៥ លានដុល្លារ ហើយក្នុងនោះ លុយ២០៥លានដុល្លារ ត្រូវបានចូលឧបត្ថម្ភតាមរយៈអនឡាញពីសំណាក់អ្នកចូលវិភាគទានតូចៗ។ ជាមួយតួលេខនេះ លោក បៃឌិន បានបំបែកកំណត់ត្រារបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។
បើតាមរបាយការណ៍របស់កាសែតអាមេរិក New York Times អះអាងថាក្នុងខែកញ្ញា ឆ្នាំ២០០៨ លោក អូបាម៉ា បានបង្កើតកំណត់ត្រារៃអង្គាសប្រាក់សម្រាប់យុទ្ធនាការរកសំឡេងឆ្នោត ដោយអាចប្រមូលរហូតដល់២០០លានដុល្លារ។
ក្នុងខែកក្កដា លោក ដូណាល់ ត្រាំ និងគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋ រៃអង្គាសបានប្រាក់ ១៦៥លានដុល្លារ ។ តួលេខនេះ គឺច្រើនជាងលុយដែលរៃអង្គាសបានដោយបក្សប្រជាធិបតេយ្យរបស់លោក បៃឌិន ដែលរកបាន ១៤០លានដុល្លារ ក្នុងខែតែមួយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ លោក បៃឌិន បានសម្រេចជ្រើសរើសអតីតគូប្រជែងក្នុងបក្សអ្នកស្រី កាម៉ាឡា ហារីស(Kamala Harris) ឲ្យធ្វើជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ ក្រោយការជ្រើសរើសនេះ ប្រាក់ឧបត្ថម្ភសម្រាប់ការបោះឆ្នោតលោក រៃអង្គាសបានរហូតដល់ ២៦លានដុល្លារក្នុងពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ៕
ដោយ៖ស តារា