មាននិទានមួយដំណាលថា មានខ្លាទោល ១ ទៅដេកលើរូងពស់ ៗលូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូង ។ ថ្ងៃនោះជួនជាមហាឫសី(ឥសី)មួយអង្គនិមន្តគោចរ ទៅឃើញខ្លានោះស្លាប់ ក៏មេត្តាប្រោះខ្លានោះឲ្យរស់ឡើងវិញ ។ ខ្លារស់ដឹងខ្លួនហើយនិយាយថា ˝ អញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញ ម្ដេចឡើយក៏ព្រះស្ដែងហ៊ានមកធ្វើឲ្យអញភ្ញាក់ ម៉េ្លះហើយអញខាំព្រះស្ដែង ស៊ីពុំលែងឡើយ˝ ។ មហាឫសីឆ្លើយថា ˝ព្រះស្ដែងដេកលើរូងពស់ ៗ ចឹកស្លាប់ អញប្រោះ ព្រះស្ដែងឲ្យរស់ឡើងវិញ គួរតែព្រះស្ដែងសងគុណអញ ម្ដេចឡើយក៏ព្រះស្ដែងគិតខាំអញវិញ˝ ។ មហាឫសីនិងខ្លាប្រកែកជជែកគ្នាមិនអស់ មិនហើយ ទើបនាំទៅប្ដឹងចចក ថ្លែងប្រាប់តាមដំណើររៀងខ្លួន ។ ចចកជញ្ជឹងគិតថា ˝ អញនៅក្នុងព្រៃសព្វថ្ងៃនេះពឹងពាក់អានុភាពខ្លា បើអញកាត់ក្ដីនេះឲ្យខ្លាចាញ់ សមអញនឹងពឹងពាក់ខ្លានៅនាព្រៃនេះពុំបានឡើយ˝ ។ ចចកគិតដូច្នេះហើយ ក៏កាត់ក្ដីឲ្យខ្លាស៊ីមហាឫសី ។ ឯចចកកាត់ក្ដីយ៉ាងនេះហៅថា ឆន្ទាគតិ ។
មហាឫសីមិនសុខចិត្ត ប្រកែកគ្នាទៅវិញទៅមក ហើយនាំខ្លាទៅប្ដឹងគោ ថ្លែងប្រាប់តាមដំណើររៀងខ្លួនដូចមុន ។ គោគិតថា ˝ បើអញកាត់ក្ដីឲ្យខ្លាចាញ់ សមខ្លានេះស្អប់អញ វានឹងខាំអញមិនខានឡើយ˝ ។ ទើបគោកាត់ក្ដីឲ្យខ្លាស៊ីមហាឫសី ។ គោកាត់ក្ដីយ៉ាងនេះហៅថា ភយាគតិ ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្ដឹងស្វាៗ គិតថា ˝កាលមុនមានបុរសម្នាក់ធ្លាក់ទៅក្នុងអណ្ដូង ឪពុកអញជួយសង្គ្រោះយោងឡើងមកលើមាត់អណ្ដូងបាន មានខ្លាមួយគិតមកស៊ីបុរសនោះ ឪពុកអញនាំបុរសនោះ ឲ្យឡើងទៅលើដើមឈើ បានរួចពីភ័យ បុរសនោះបែរជាចិត្តអាក្រក់សម្លាប់ឪពុកអញវិញ˝ ។ ស្វាគិតដូច្នេះហើយ ទើបកាត់ក្ដីឲ្យខ្លាស៊ីមហាឫសី ។ ស្វាកាត់ក្ដីយ៉ាងនេះ ហៅថា ទោសាគតិ ។
មហាឫសីមិនសុខចិត្តនាំខ្លាប្ដឹងត្មាត ៗ គិតថា ˝សព្វថ្ងៃនេះអញបានរំពាសំណល់អំពីខ្លាជាអាហារចំណីប្រក្រតី មិនដែលដាច់ឡើយ បើអញកាត់ក្ដីនេះឲ្យខ្លាចាញ់ មុខជាខ្លាខឹងនឹងអញ ម្ដេចឡើយអញនិងបានស៊ីរំពាខ្លានេះទៀត˝ ។ ត្មាតគិតដូច្នេះហើយ ក៏កាត់ក្ដីឲ្យខ្លាស៊ីមហាឫសី ។ ត្មាតកាត់ក្ដីយ៉ាងនេះហៅថាលោភាគតិ ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្ដឹងទេព្រក្សៗគិតថា ˝មនុស្សទាំងពួងដើរ ព្រៃអាស្រ័យដោយម្លប់ឈើផងទាំងឡាយ ចេះតែកាច់មែក ហែកសន្លឹក ស្ទោះសម្បក ឆ្លកកាត់ដើម˝ ។ ទេព្រក្សគិតដូច្នេះហើយក៏កាត់ក្ដីឲ្យខ្លាស៊ីមហាឫសី ។ ទេព្រក្សកាត់ក្ដីយ៉ាងនេះហៅថាមោហាគតិ មិនទៀងត្រង់ឡើយ ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្ដឹងទន្សាយប្រាប់ថា ˝ខ្លានោះដេកលើរន្ធពស់វែក ៗ ចេញមកចឹកស្លាប់ អាត្មាសូត្រមន្តបោសពិសពស់ឲ្យខ្លារស់ឡើងវិញ ។ ដោយគិតឃើញថាខ្លានេះនឹងតបគុណអាត្មា, ឥឡូវនេះម្ដេចខ្លាក៏ប្រាថ្នាស៊ីអាត្មាវិញ? តាមតែពិចារណាឲ្យអាត្មាចុះ˝ ។ ឯខ្លាប្ដឹងថា ˝ខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃ ស្រាប់តែព្រះស្ដែងឫសីនេះធ្វើឲ្យខ្ញុំភ្ញាក់ ហេតុនេះត្រូវខ្ញុំសុំស៊ីព្រះស្ដែងឫសីនេះ ៗ ពុំសុខចិត្តនាំខ្ញុំទៅប្ដឹងចចក ៗ កាត់ឲ្យខ្ញុំស៊ីឫសីនេះ ៗ មិនសុខចិត្តនាំខ្ញុំទៅប្ដឹងគោ ៗ កាត់ឲ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្ដឹងស្វាៗ កាត់ឲ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្ដឹងត្មាតៗ កាត់ឲ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្ដឹងទេព្រក្ស ៗ កាត់ឲ្យខ្ញុំស៊ីឫសីនេះ ៗ មិនសុខចិត្តនាំខ្ញុំមកប្ដឹងលោក តាមតែលោកពិចារណាឲ្យខ្ញុំចុះ ˝ ។
ទន្សាយស្ដាប់ពាក្យមហាឫសី និងពាក្យខ្លាហើយ ក៏ពិចារណាដោយប្រាជ្ញាឈ្លាសវៃ ឈ្វេងយល់អាថ៌សេចក្ដីហើយប្រាប់ថា ˝បើដូច្នោះចូរមហាឫសី និងបងខ្លានាំគ្នាទៅដល់ទីដែលកើតហេតុនោះហើយឲ្យបងខ្លាដេកលក់ជាសុខដូចពីដើមចុះ គឺឲ្យមហាឫសីជូនទៅដល់កន្លែងដែលខ្លាដេកនោះឲ្យអញបានយល់ហើយនិងពិចារណាដោយប្រការនោះ ˝ ។ ទើបមហាឫសី និងខ្លាបបួលគ្នាទៅ នាំទាំងទន្សាយទៅផង ។ លុះទៅដល់កន្លែងនោះហើយ ខ្លាក៏ប្រះដេកនៅទីដដែលនោះ យូរបន្តិចពស់វែកចេញមកចឹកខ្លាស្លាប់នៅមាត់រន្ធនោះឯង ។ កាលបើខ្លានោះស្លាប់ហើយ ទន្សាយប្រាប់មហាឫសីថា ˝សូមលោកមើលខ្លានោះចុះ ហេតុតែឥតធម៌ វង្វេងភ្លេចគុណគេ ឥឡូវពុំរំលងនិងវេរាកម្មឡើយ, តាំងពីពេលនេះទៅមុខ លោកកុំធ្វើគុណនឹងខ្លាឲ្យសោះ ˝ឯទន្សាយកាត់ក្ដីយ៉ាងនេះហៅថាសុគតិគមនំ (ដំណើរល្អ) គឺសុចរិត យុត្តិធម៌ហោង ៕ (ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)