ព័ត៌មានទាន់ហេតុការណ៍៖

សាលារៀនតាមបណ្ដារាជធានី-ខេត្ត រៀបចំសម្អាតបរិស្ថានតាមស្តង់ដាអនាម័យ មុនពេលបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២

ចែករំលែក៖

ភ្នំពេញ៖ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំ​របស់​ក្រសួងអប់រំ ដែល​ដាក់​ឱ្យ​អនុវត្ត​តាម​ស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បី​ធានា​បាន​ថា ការ​បើកដំណើរ​ការ​នេះ​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

សូមជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ កាល​​ពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ លោកបណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន បាន​មាន​ប្រសាសន៍​ថា “ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំង​ប្រថុយប្រថានឡើយ” ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។ សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញដំណាក់កាលទី២នាថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២១តទៅ៕

ដោយ៖ សិលា


ចែករំលែក៖