ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងការព្យាករណ៍ថា៖ នៅឆ្នាំ២០៣២ខាងមុខនេះ ចិន នឹងក្លាយជាប្រទេសសេដ្ឋកិច្ចលេខ១ របស់ពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា តាមការព្យាករណ៍ពីមជ្ឈមណ្ឌលស្រាវស្រាវការអភិវឌ្ឍ (DRC) នៃក្រុមប្រឹក្សារដ្ឋចិន មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ថា៖ ប្រទេសចិន នឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកនៅឆ្នាំ២០៣២បើទោះជាអរិភាពជាមួយសហរដ្ឋអាមេរិក នឹងបន្តកើនឡើងយ៉ាងណាក៏ដោយ។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល DRC ដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ បានព្យាករណ៍ថា ដោយផ្អែកលើភាពជោគជ័យ នៃយុទ្ធសាស្ត្រអភិវឌ្ឍថ្មីៗរបស់រដ្ឋាភិបាលចិន ដែលបាននិងកំពុងផ្ដោតជាសំខាន់ លើទីផ្សារនៅក្នុងស្រុក, ជំរុញកំណើនសេដ្ឋកិច្ច និងការប្រកួតជែងខាងបច្ចេកវិទ្យា និងភូមិសាស្រ្តនយោបាយ ជាមួយសហរដ្ឋអាមេរិក។

តាមការព្យាករណ៍ដដែល គូសបញ្ជាក់ថា គ្មានកត្តាអ្វីអាចមកបង្អាក់ដំណើរនៃកំណើនសេដ្ឋកិច្ចចិនបានឡើយ ដោយចំណែកទីផ្សាររបស់ចិននៅក្នុងសេដ្ឋកិច្ចសកលនឹងកើនឡើងដល់ ១៨.១ភាគរយនៅក្នុងឆ្នាំ២០២៥ បើធៀបទៅនឹង ១៦.២ភាគរយកាលពីឆ្នាំ២០១៩ ខណៈចំណែក ឬភាគរយនៃសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ មកនៅត្រឹម២១.៩ភាគរយនៅឆ្នាំ២០១៥ ធៀបទៅនឹង ២៤.១ភាគរយកាលពីឆ្នាំ២០១៩។ ប៉ុន្តែទន្ទឹមនឹងកំណើនសេដ្ឋកិច្ចបែបនេះ អាចនឹងធ្វើឲ្យជម្លោះរវាងចិន និងសហរដ្ឋអាមេរិក នឹងកើនឡើងរឹតតែខ្លាំង នៅរយៈពេល០៥ឆ្នាំខាងមុខនេះ

គួររម្លឹកថា លោក ចាស្ទីន លីន យីហ្វុ (Justin Lin Yifu) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យប៉េកាំង និងជាអតីតប្រធានផ្នែកសេដ្ឋកិច្ច នៃធនាគារពិភពលោក កាលពីខែសីហាកន្លងទៅ លោកក៏បានព្យាករណ៍ដែរថា៖ សេដ្ឋកិច្ចចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅឆ្នាំ២០៣០។ តែទោះបែបនេះក្ដី ក៏នៅមានមតិជាច្រើនយល់ថា ចិននឹងមិនអាចវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១នៅលើពិភពលោកបានឡើយ ប្រសិនបើប្រជាជនចិនវ័យចំណាស់បន្តកើនឡើង ហើយទោះជាចិនធ្វើបានសម្រេចមែន ក៏វាគ្រាន់តែជាការវ៉ាដាច់ នៅរយៈពេលខ្លីប៉ុណ្ណោះ៕ដោយ៖ស តារា


ចែករំលែក៖