អន្តរជាតិ៖ បើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ និយាយថាយន្ដហោះចម្បាំងរបស់រុស្ស៊ី ០៨គ្រឿងបានហោះប្រដេញ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ០៣គ្រឿងរបស់អាមេរិក នៅលើដែនអាកាសនៃសមុទ្រខ្មៅ (Black Sea) និងសមុទ្រអាហ្សូវ (Azov) ។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសុក្រទី៤ ខែកញ្ញាម្សិលមិញនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃ០៤ ខែកញ្ញា ថា៖ ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52H ចំនួន ០៣គ្រឿងបានហោះឆ្ពោះចូលទៅក្នុងដែនអាកាស ដែលគ្រប់គ្រងដោយរុស្ស៊ី។ភ្លាមៗនោះយន្តហោះចម្បាំង Su-27 ចំនួន ០៤គ្រឿង និង Su-30 ចំនួន០៤គ្រឿងនៃកងការពារដែនអាកាស ប្រចាំតំបន់គ្រប់គ្រងភាគខាងត្បូង បានហោះស្ទាក់។ បន្ទាប់មកទៀត យន្តហោះអាមេរិក ក៏បានហោះចេញពីដែនអាកាសរុស្ស៊ីវិញ ហើយយន្តហោះចម្បាំងរុស្សី បានវិលត្រឡប់ទៅកាន់អាកាសយានដ្ឋាន របស់ពួកគេវិញដោយសុវត្ថិភាព ។
ក្រសួងការពារជាតិរុស្ស៊ី បន្ថែមទៀតថា ប្រតិបត្តិការស្ទាក់ចាប់នេះត្រូវបានធ្វើឡើង ដោយគោរពយ៉ាងម៉ឺងម៉ាត់ស្របទៅតាមច្បាប់អន្តរជាតិស្តីពីការការប្រើប្រាស់ដែនអាកាស។ ចំណែកខាងភាគីសហរដ្ឋអាមេរិកវិញ មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះនៅឡើយទេ៕
ដោយ៖ស តារា