ខេត្តកណ្ដាល៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកស្រីឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងលោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី៣ នៅវត្តវិហារសំណរ ស្ថិតក្នុងភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណងដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សាពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ម្យ៉ាងទៀតក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនរបស់ពួកគាត់ឲ្យបានទៅកាន់សុគតិភពផងដែរ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៣ នៅវត្តវិហារសំណរ និងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរៈលោកខាងមុខ ក៏ដូចជាឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីបណ្ឌិត បានលើកឡើងថាបច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អប្រសើរក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រនិងពុទ្ធចក្រនិងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឲ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយនិងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាពធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗ។
គួរបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
ការប្រារព្ធពិធីបុណ្យនេះគឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាលដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នាថែរក្សាពិធីបុណ្យដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឲ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជននិងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះនៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់។
លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ។
ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញរាប់បាត្រ និងវេរភទហារដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យផងដែរ ៕
ដោយ៖ សូរិយា