ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាវាយក្បាលដោយពូថៅ និងញញួរ២ករណីផ្សេងគ្នានៅស្រុកក្រគរ

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ពិតជាសាហាវពេកណាស់ដែលក្នុងស្រុកក្រគរកើតមានអំពើហិង្សា២ករណីផ្សេងគ្នា គឺករណីទី១បងបង្កើតទាញពូថៅសំពងក្បាលប្អូន បណ្ដាលឲ្យដេកដួលក្នុងថ្លុកឈាមយ៉ាងរន្ធត់ និងករណីទី២កូនប្រសាប្រុសវាយក្បាលម៉ែក្មេកនឹងញញួរដោយមិនញញើតដៃសោះឡើយ។

 លោក វរសេនីយ៍ត្រី ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានប្រាប់ថា យោងតាមបណ្ដឹងរបស់ឈ្មោះ ទាំ ទីម៉ាល់ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយមីងជនរងគ្រោះនិងជនសង្ស័យដៃដល់បានរៀបរាប់ថា នៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ យាស់ ភេទស្រី អាយុ ៨៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃើញក្មួយៗរបស់គាត់(ជនសង្ស័យ និងជនរងគ្រោះ)នាំគ្នាផឹកសុីយ៉ាងសប្បាយ។លុះដល់ពេលស្រវឹងក៏មានទំនាស់ពាក្យសម្ដីគ្នា ស្រាប់តែក្មួយប្រុសច្បងឈ្មោះ មឿន ថា អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានទាញពូថៅវាយប្អូនបង្កើតឈ្មោះ មឿន លីន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាត្រូវចំមុខខាងស្ដាំ១ខ្នងពូថៅ គុម្ពត្រចៀកកខាងស្ដាំ១ខ្នងពូថៅ ក្បាល១ខ្នងពូថៅ និងស្មា១ខ្នងពូថៅ បណ្ដាលឲ្យដេកសន្លប់ស្ដូករងរបួសធ្ងន់ ។

 ដោយឡែក នៅវេលាម៉ោង៦ៈ០០នាទី ល្ងាចថ្ងៃដដែលនោះដែរ នៅចំណុចមុខផ្ទះរបស់ឈ្មោះ នឿន ពុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរបង្ហើបឲ្យដឹងថា យោងតាមបណ្ដឹងរបស់ឈ្មោះ អុឹម ប៉ាន ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយក្មេកជនដៃដល់(នឿន ពុទ្ធី) នៅពេលគាត់ត្រឡប់ពីរើសផ្លែត្នោតទំុវិញ ស្រាប់តែឃើញឈ្មោះ នឿន ពុទ្ធី ជាកូនប្រសា និងកូនស្រីជាប្រពន្ធនឿន ពុទ្ធីឈ្មោះ រឿន ច័ន្ទគង្គា អាយុ ៣៤ឆ្នាំ កំពុងប្រតាយប្រតប់គ្នា ដោយកូនប្រសាមានកាន់ញញួរដ៍ធំមួយ។ឃើញដូច្នេះរូបគាត់ក៏ចូលទៅឃាត់កុំឲ្យកូនៗឈ្លោះទាស់ទែងគ្នា តែត្រូវកូនប្រសា(នឿន ពុទ្ធី)វាយគាត់១ញញួរចំក្បាលហូរឈាម កក្លាក់។

 ករណីហិង្សាដោយចេតនា២លើកនៅស្រុកក្រគរនេះ នៅរសៀលថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានប្រាប់ថា ករណីបងបង្កើតទាញពូថៅសំពងប្អូនបានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ហើយ ចំណែក១ករណីទៀតមិនទាន់ឃើញខាងស្រុកគេបញ្ជូនមកទេ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖