ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកចាប់ផ្តើមបោះឆ្នោតមុនពេលកំណត់នៅតំបន់មួយចំនួន

ចែករំលែក៖

ពលរដ្ឋនៅរដ្ឋ​ ការ៉ូលីណា ភាគខាងជើង នៅថ្ងៃទី៤ខែកញ្ញា (ត្រូវនឹងថ្ងៃទី​៥នៅកម្ពុជា) បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ សម្រាប់អាណត្តិថ្មី។ ការបោះឆ្នោតមុនពេលកំណត់ ត្រូវបានធ្វើឡើងតាមរូបមន្តបោះឆ្នោតតាមប្រៃសណីយ៍​។
សារព័ត៌មាន CNN ​បានផ្សាយថា ពលរដ្ឋប្រមាណជាង​៦១៨ពាន់នាក់ បានបោះឆ្នោតតាមលិខិតផ្ញើដល់ដៃ​តែម្តង។​ នេះជាការបោះឆ្នោតមុនពេលកំណត់ដំបូងបង្អស់នៅអាមេរិក គឺពេលមុនពេលកំណត់ដល់ទៅ​២ខែ។ ​ការបោះឆ្នោតធ្វើឡើង​ក្នុងពេលដែលអាមេរិកកំពុងប្រឈមការឆ្លងរាលដាលកាន់តែខ្លាំង ។
តាមសារព័ត៌មាន New York Times បានផ្សាយថា ក្រៅពីរដ្ឋ ការ៉ូលីណាខាងជើង នៅមានរដ្ឋជាច្រើនទៀត ដូចជា Minnesota, Pennsylvania, Wisconsin នឹងបន្តបោះឆ្នោតតាមប្រៃសណីយ៍។
តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋ​គាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យ គឺលោកបៃឌិន បាននាំមុខប្រធានាធិបតី ដូណាល់ ត្រាំ ​ជានិច្ច​។ មិនតែប៉ុណ្ណោះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ ក៏បានបង្កើតក្រុមគាំទ្រលោកបៃឌិនផងដែរ ដោយសារតែមើលឃើញការដឹកនាំរបស់លោកត្រាំ មិនបានល្អក្នុងរយៈពេលជិត​៤ឆ្នាំកន្លងមក៕ដោយ៖ធី រីណា


ចែករំលែក៖