ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់បិណ្ឌទី​៤​ នៅវត្តលង្កាព្រះកុសុមារាម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ និងពុទ្ធបរិស័ទជាច្រើននាក់​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ​ និងបច្ច័យ​ទៅកាន់បិណ្ឌទី​ ៤​ នៅវត្តលង្កាព្រះកុសុមារាម​ ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃ​អាទិត្យ ៤រោជ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៦​ ខែកញ្ញា ឆ្នាំ២០២០​ ត្រូវនឹងវេនកាន់បិណ្ឌទី៤ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន​ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន​ ញាតិការទាំង៧សន្តាន​ ដែលបានចែកឋានទៅកាន់បរលោក។

សូមបញ្ជាក់ថា​ ទេយ្យទាន​ និងទេយ្យវត្ថុ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និង​​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ព្រមទាំងបុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី ក្នុងឱកាសកាន់បិណ្ឌវេនទី៤​ នាវត្តលង្កាព្រះកុសុមារាម​ រួមមានដូចខាងក្រោម​ ៖
១/ ទេយ្យវត្ថុ​ចំនួន ១៤មុខ​ ៖​ អង្ករ​ មី​ ត្រីខ​ ស្ករស​ តែ​ ទឹកដោះគោខាប់​ មៀនកំប៉ុង​ អូវ៉ាន់ទីន​ ទឹកក្រូច​ ទឹកបរិសុទ្ធ​ ត្រីងៀត​ សាច់ក្រក​ អាល់កុល​ និងម៉ាស់ពាក់មុខ។
២/ បច្ច័យកាន់បិណ្ឌ​ ចំនួន​ ៥លានរៀល​ និងបច្ច័យរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ។
៣/​ ទេយ្យទានប្រគេនព្រះសង្ឃ​ ១៧០អង្គ​ ក្នុងមួយអង្គៗ​ទទួលបាន​ ទេយ្យវត្ថុ​ ១កញ្ចប់​ និងបច្ច័យ​ ៥ម៉ឺនរៀល។
៤/​ ជូនយាយជី​ តាជី​ ១៥០នាក់​ ក្នុងម្នាក់ៗ​ទទួលបាន ក្រណាត់ស​ ១ដុំ​ និងថវិកា​ ៥ម៉ឺនរៀល។

ដោយឡែក​ បច្ច័យចូលរួមពីពុទ្ធបរិស័ទក្នុងឱកាសនេះមានសរុបចំនួន​ ១៨,៥៧០,០០០រៀល​ និង​ ៦,២២០ដុល្លារអាមេរិក​៕


ដោយ៖ សុខ ខេមរា


ចែករំលែក៖