អន្តរជាតិ៖ ដើម្បីកាត់បន្ថយភាពតានតឹង នៅតាមតំបន់ព្រំដែនជម្លោះរវាងប្រទេសឥណ្ឌា និងចិន ។ រដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរបានជួបពិភាក្សាគ្នា កាលពីថ្ងៃសៅរ៍ទី៥ ខែកញ្ញាម្សិលមិញនេះ ដោយភាគីទាំងពីរ បានឯកភាពគ្នាមិនធ្វើសកម្មភាពអ្វីបន្ថែមទៀត ដែលអាចបង្កភាពស្មុគស្មាញនៅតាមព្រំដែននោះទេ ។
បើតាមទីភ្នាក់ងារសារពត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០បានដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានឯកភាពគ្នាយ៉ាងដូច្នេះថា «ភាគីទាំងសងខាងមិនគួរធ្វើសកម្មភាពអ្វីបន្ថែមទៀត ដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានការណ៍បច្ចុប្បន្ន ឬក៏បង្កើនបញ្ហានៅតាមតំបន់ព្រំដែនឡើយ»។
សូមជម្រាបថា កំឡុងប៉ុន្មានខែចុងក្រោយនេះ ឥណ្ឌានិងចិនបានចោទទៅវិញទៅមក អំពីសកម្មភាពឆ្លងព្រំដែនបំពានគ្នា។ មិនតែប៉ុណ្ណោះកាលពីខែមិថុនាកន្លងទៅ កងទ័ពភាគីបានប៉ះទង្គិចគ្នាមួយប្រាវ ដែលបណ្ដាលឲ្យទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់បានស្លាប់ បើតាមការអះអាងពីយោធា ឥណ្ឌា ខណៈភាគីចិន ក៏បានអះអាងថា ខ្លួនមានទាហានស្លាប់និងរងរបួសផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនឡើយ។ចាប់តាំងពីនោះមក ឥណ្ឌានិងចិនក៏បានព្យាយាមជួបចរចាគ្នា ដើម្បីបន្ធូរស្ថានការណ៍៕
ដោយ៖ស តារា