ព័ត៌មានទាន់ហេតុការណ៍៖

អតីតរដ្ឋមន្ត្រី​វ័យក្មេង​ម៉ាឡេស៊ី ប្រកាសថា៖ លោក​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​ប្រមូលផ្ដុំ​ក្រុមយុវជន

ចែករំលែក៖

អន្តរជាតិ៖ អតីតរដ្ឋមន្ត្រី​យុវជន និង​កីឡា​វ័យក្មេង​ម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman ក្រោយ​ប្រកាស​មិន​ចូលរួម​ជាមួយ​មេ​ដឹកនាំចាស់ គឺ​លោក ​មហា​ធៀ មហាម៉ាត់ នោះ ។ ពេលនេះ លោក Syed Saddiq បានប្រកាសថា ខ្លួន​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​ប្រមូលផ្ដុំ​ក្រុមយុវជន​។ មិនតែប៉ុណ្ណោះ លោក​សង្ឃឹមថា អាច​ផ្លាស់​បរិ​យាស​កាស​នយោបាយ​ដែលជា​យូរ​មកហើយ​គ្រប់គ្រង​ដោយ​មនុស្ស​ចាស់ និង​អំណាច​ទឹក​លុយ​។

​លោក Syed Saddiq ដែលជា​អតីតរដ្ឋមន្ត្រី​យុវជន និង​កីឡា​ម៉ាឡេស៊ី​រូបនេះ បានថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មានReuters នៅ​ថ្ងៃទី ៣ ខែសីហា កន្លងទៅយ៉ាង​ដូច្នេះ​ថា​៖«​យើង​ចង់​រំដោះ​ម៉ាឡេស៊ី​ពី​វប្បធម៌​នយោបាយ​ដែល​ពឹងផ្អែក​លើទឹក​លុយ​និង​អំណាច ហើយ​ស្ដារ​វា​ជាថ្មី​ជាមួយ​មនុស្ស​វ័យក្មេង​ដែលមាន​គំនិត និង​បេះដូង​ស្មោះត្រង់ ដែល​អាចធ្វើ​ឲ្យ​ម៉ាឡេស៊ី​ឆ្ពោះទៅមុខ​បាន​»​។​

​អតីតរដ្ឋមន្ត្រី​យុវជន​ម៉ាឡេស៊ី​រូបនេះ លើកឡើងថា សម្រាប់​មហិច្ឆតា​រុះរើ​វប្បធម៌​នយោបាយ​របស់​ម៉ាឡេស៊ី​នេះ គឺ​លោក​យក​គំរូ​តាម​បក្ស En Marche ដែល​ផ្តោតលើ​យុវជន​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែលម៉ា​ក្រុង និង​បក្ស​អនាគត​ឆ្ពោះទៅមុខ​របស់​ប្រទេស​ថៃ​។

​គួរបញ្ជាក់ថា អ្នកនយោបាយ​វ័យ​២៧​ឆ្នាំ​រូបនេះ អះអាងថា បក្ស​ថ្មី​ដែល​ពុំទាន់​ដាក់ឈ្មោះ​នេះ នឹង​ព្យាយាម​ស្វែង​យក​តំណាង​ក្នុងចំណោម​យុវជន និង​ស្ត្រីឲ្យ​មាន​សំឡេង​កាន់តែច្រើន​នៅក្នុង​សភា​ម៉ាឡេស៊ី ហើយ​ជាពិសេស ងាក​ចេញពី​ប្រព័ន្ធ​បក្ខពួកនិយម​។ ត្រង់ចំណុចនេះលោក Syed Saddiq ​បន្តថាបក្ស​របស់​លោកមា​នស​មា​ជិ​ក​សរុប​៣៣​នាក់​ហើយ ដែល​សុទ្ធតែជា​យុវជន​មកពី​ចម្រុះ​ជាតិ​សាសន៍​និង​វិស័យ​ផ្សេងគ្នា​។

​សូមជម្រាបថា លោក Syed Saddiq បាន​លេច​មុខជា​បុគ្គល​សំខាន់​នៅ​ម៉ាឡេស៊ី​ជា​លើកដំបូង ក្រោយ​ចូល​ដៃ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រីមហា​ធៀដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ហ៊ុមព័ទ្ធ​ដោយ​អំពើពុករលួយ​របស់លោក​ណា​ជីប រ៉ា​ក់​ហ្សា​ក់ ក្នុង​ឆ្នាំ​២០១៨​។ លោក​បានក្លាយ​ខ្លួន​ជាស​មា​ជិ​ក​គណៈរដ្ឋមន្ត្រី​វ័យក្មេង​បង្អស់​របស់​ម៉ាឡេស៊ី ក្រោយ​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​យុវជន​និង​កីឡា​ក្នុង​រដ្ឋបាល​លោក​មហា​ធៀ​។

​គួរបញ្ជាក់ផងដែរថា ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​មក នយោបាយ​ម៉ាឡេស៊ីត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម(UMNO) រហូតដល់​ឆ្នាំ​២០១៨​។ ហើយបក្ស​នេះ​ត្រូវបាន​ទម្លាក់​ចេញពី​សង្វៀន​នយោបាយ​ម៉ាឡេស៊ី​ដោយ​មួយផ្នែកធំ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។

ជាក់ស្តែង បច្ចុប្បន្ននេះ ​អ្នកនយោបាយ​ជើងចាស់​២​រូប រួមមាន៖ លោក មហា​ធៀ និង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​អ្នកនយោបាយ​មាន​ទឹកមាត់ប្រៃ​ក្នុង​ឆាកនយោបាយ​ប្រទេស​នេះ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០មកម្លេះ ៕ដោយ៖ស តារា


ចែករំលែក៖