ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ រ៉ាថន យកទាហានអង្គភាពកងពលតូចលេខ៧០ និងបង្កើតក្រុមអណាធិបតេយ្យ រំលោភប្លន់ដីប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ទាហានអង្គភាពកងពលតូចលេខ៧០ មួយក្រុម ពិតជាបានធ្វើសកម្មភាពដោយអំពើល្មើសច្បាប់ នឹងខុសពីវិន័យក្នុងជួរកម្លាំងទ័ព ខណៈមានមេខ្លោងបានធ្វើការកៀងគរ កេណ្ឌប្រមូល ក្មេងស្ទាវ ចាស់ទំនើង ភាគច្រើនជាមនុស្សខិលខូច ឈានដល់មានការប្រើប្រាស់សារធាតុញៀន យកមកពីបណ្ដាគ្រប់ខេត្តក្រុង ។ បង្កើតជាក្រុមអាណាធិបតេយ្យ ដើម្បីដើរធ្វើសកម្មភាព រំលោភប្លន់ដីរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ រាល់សកម្មភាពទាំងនោះត្រូវបានគេទម្លាយថាមានឈ្មោះលោកសុខ រ៉ាថន អតីតនៅក្នុងអង្គភាព កងពលតូចលេខ ៧០ ជាមេខ្លោងនៅពីក្រោយខ្នង និងពុំទាន់មានចំណាត់ការទៅតាមផ្លូវច្បាប់លើបុគ្គលដ៏ទំនើងនេះនៅឡើយទេ។ 

ជាក់ស្ដែងកាលពីវេលាម៉ោង៦ល្ងាចដល់ម៉ោង១២យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមអាណាធិបតេយ្យមានគ្រប់សមាសភាពរបស់លោក សុខ រ៉ាថន និងដឹកនាំដោយឈ្មោះ សុខ សាន បានធ្វើសកម្មភាពប្លន់ដីរបស់ប្រជាពលរដ្ឋទាំងព្រលឹម នៅចំណុចត្រពាំងព្រលិត ភូមិគរគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ គឺពួកគេបានប្រមូលផ្ដុំគ្នាធ្វើរបងព័ន្ធយកដីសុីឆៅៗ ។ 

សូមរំលឹកថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក លី ចិត្តនិយម ប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍន៍ សំណង់សាលាខេត្តព្រះសីហនុ បានចុះទៅធ្វើការវាស់វែងលើដីដែលមានបញ្ហាទំនាស់រវាងឈ្មោះ ហៀង ហេង និងឈ្មោះ លី វួចឡេង ស្ថិតនៅក្រុម២ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ បែជាមានមនុស្សប្រមាណជាង ១០នាក់ដែលចាំដីជាប់ព្រំនៅក្បែរនោះ នាំគ្នាមករារាំងកិច្ចការរបស់មន្ត្រីរាជការសាធារណៈ ដោយមិនឲ្យក្រុមការងារទាំងអស់នោះអនុវត្តការចុះវាស់វែងបំពេញតួនាទីរបស់ខ្លួននោះឡើយ។ ដោយពួកគេបានអះអាងប្រាប់ក្រុមគណៈកម្មការចុះធ្វើការងារថា នេះគឺជាបទបញ្ជារបស់លោក សុខ រ៉ាថន គឺមិនអនុញ្ញាតឱ្យថ្នាក់ណាចូលមកកាន់ទីនេះឡើយ។ ប៉ុន្តែដោយមានបទបញ្ជាយ៉ាងតឹងតែង ច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវ ពីលោក គួចចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ទើបកម្លាំងចម្រុះភ្លាមៗបានធ្វើការឃាត់ខ្លួនក្រុមជនអនាធិបតេយ្យក្រោមបង្គាប់បញ្ជាលោក សុខ រ៉ាថន បានចំនួន១២នាក់ សុទ្ធតែជាបុរសទាំងអស់ហើយនាំខ្លួនទៅកាន់អធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើកំណត់ហេតុស្ដាប់ចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ 

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រុមជនសង្ស័យទំនើងស្ថិតស្ថិតក្រោមបញ្ជារបស់លោក សុខ រ៉ាថន រួមមានដូចខាងក្រោម៖ 

១ -ឈ្មោះ ឡេង ប៊ុី  អាយុ៤៦ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារ មានទីលំនៅក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។

២ -ឈ្មោះ ប៉ែន រតនា អាយុ២១ឆ្នាំ មុខរបរ ចាំដីអោយ លោក សុខ រ៉ាថន ទីលំនៅផ្ទះជួល ភូមិ៥ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ទទួលបានប្រាក់ខែចំនួន៣០០ដុល្លារក្នុង១ខែពីលោក សុខ រ៉ាថន ។

៣ -ឈ្មោះ លី សុផាយុទ្ធ អាយុ២៩ឆ្នាំ ទទួលបានប្រាក់ខែចំនួន៣០០ដុល្លារក្នុង១ខែ ពីលោក សុខ រ៉ាថន ។ ទីលំនៅកន្លែងកើតហេតុដែលកម្លាំងចម្រុះឃាត់ខ្លួន។

៤ -ឈ្មោះ ញឹក ប៊ុនថុន អាយុ ៤០ឆ្នាំ មុខរបរចាំដីអោយ សុខ រ៉ាថន រស់នៅលើដីកន្លែងឃាត់ខ្លួន ទទួលបានប្រាក់ខែចំនួន៣០០ដុល្លារក្នុង១ខែ ពីលោក សុខ រ៉ាថន ។ 

៥ -ឈ្មោះ សុខ វណ្ណ អាយុ២៩ឆ្នាំ មុខរបរសុីឈ្នួលគាស់រលើងគល់ឈើអោយ លោក សុខ រ៉ាថន ទីលំនៅភូមិភូភឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លៃពលកម្ម១ថ្ងៃ៦០០០០រៀល។

៦ -ឈ្មោះ ហន រ៉ែន អាយុ៤០ឆ្នាំ មុខរបរសុីឈ្នួលគាសរលើងឈើ ដីអោយ សុខ រ៉ាថន ។

 ៧ -ឈ្មោះ ជុង វាសនា អាយុ៣៣ឆ្នាំ មុខរបរ ជាជាងដែក មានទីលំនៅភូមិ សង្កាត់១ ក្រុង ខេត្តព្រះសីហនុ សុំគេស្នាក់នៅបណ្តោះអាសន្ន មកធ្វើការអោយលោក សុខ រ៉ាថន ។

៨ -ឈ្មោះ ប៉ាត់ ចិន្តា អាយុ៣៩ឆ្នាំ មុខរបរជាជាងដែក មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ សុំគេស្នាក់នៅបណ្តោះអាសន្ន។

សូមរំលឹកថា ៖ ករណីឃាត់ខ្លួនក្រុមអាណាធិបតេយ្យរបស់ លោកសុខ រ៉ាថន សមត្ថកិច្ចចម្រុះបានចាប់យកម៉ូតូចំនួន៤ ។ ចំណែកឯជនសង្ស័យចំនួន៤នាក់បន្ថែមទៀតត្រូវបានបញ្ជូន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ ដែលមានឈ្មោះដូចខាងក្រោម ៖

១ -ឈ្មោះ ហ៊ុន ចន្ថា អាយុ២៧ឆ្នាំ មុខរបរជាយោធា អង្គភាពកងពលតូចលេខ៧០ 

២ -ឈ្មោះ សូត កំសានករុណា អាយុ២៦ឆ្នាំ មុខរបរជាយោធា អង្គភាពកងពលតូចលេខ៧០

៣ -ឈ្មោះ ជា បូរ៉ា អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ 

៤ -ឈ្មោះ អុឹម សារ៉េត អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្នុងនោះសមត្ថកិច្ចក៏បានចាប់យកវត្ថុតាង រួមមានរថយន្តចំនួន១ គ្រឿងអាវុធចំនួនពីរដើម ខ្លីមួយដើម។ កាំភ្លើងកែច្នៃចំនួនពីដើម និងសម្ភារៈមួយចំនួនទៀតដែលបម្រើឱ្យបទល្មើសតាមបញ្ជារបស់លោក សុខ រ៉ាថន។ 

សូមជម្រាបជូនផងដែរថា ទាំងអាជ្ញាធរសមត្ថកិច្ចនិងប្រជាពលរដ្ឋ បានលើកឡើងថា លោកសុខ រ៉ាថន បានបង្កើតក្រុមអនាធិបតេយ្យយកមកពីគ្រប់ទិសទី ជាក្មេងស្ទាវ ចាស់ទំនើង ជាយោធាក្នុងអង្គភាពង៧០ និងខ្លះទៀតជាអ្នកប្រើប្រាស់សារធាតុញៀន ដើរធ្វើសកម្មភាពជាច្រើនកន្លែងក្នុងការរំលោភប្លន់ដីដីប្រជាពលរដ្ឋ និងអ្នកដទៃផ្សេងៗទៀតយ៉ាងអនាធិបតេយ្យបំផុតនៅខេត្តព្រះសីហនុ។ 

សកម្មភាពដើរប្លន់យកដី ជាក់ស្ដែងកើតមាននៅចំណុច ក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ មាននៅចំណុចក្បាលឆាយគឺស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ នៃព្រះរាជក្រឹត្យលេខ៧៦ មានជាច្រើនកន្លែងតែម្ដង។ ក្រៅពីនោះរំលោភដីនៅចំណុចត្រពាំងព្រលិត ប៉ូយម៉ាចូវ ភូមិគរគី ឃុំ បិតត្រាំង ភូមិរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ចំណុចឧទ្យានសីហនុរាម នៅក្នុងភូមិស្មាច់ដៃ ឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ នៅចំណុចភូមិរិទ្ធទី២ ឃុំបឹងតាព្រហ្មកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ចំពោះក្រុមអាណាធិបតេយ្យដែលលោក សុខ រ៉ាថន បានបង្កើតឡើងនេះ គឺមានរចនាសម្ព័ន្ធក្បាលម៉ាស៊ីនច្បាស់លាស់ ក្នុងនោះឱ្យឈ្មោះសុខសាន្ត ជាអ្នកដឹកនាំផ្ទាល់ សម្រាប់ធ្វើសកម្មភាពរំលោភប្លន់យកដីប្រជាពលរដ្ឋដ៏គឃ្លើននឹងផ្លូវច្បាប់។ ជាពិសេសក្រុមទាំងនេះបានបង្កើតឱ្យមានបញ្ហាទំនាស់ដីធ្លីគ្រប់ទីកន្លែងនៅខេត្តព្រះសីហនុ ។ ប៉ុន្តែរាល់សកម្មភាពទាំងនោះទាំងអាជ្ញាធរ ភូមិ ឃុំស្រុក ឈានដល់ខេត្តផងដែរ ហាក់មានការស្ទាក់ស្ទើរក្នុងការបង្រ្កាបក្រុមអាណាធិបតេយ្យទាំងនេះ  ដោយសំអាងថាអាចមានអ្នកធំនៅពីក្រោយខ្នង។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក គួច ចំរើនអភិបាលគណៈអភិបាលខេត្តព្រះសីហនុ មានជំហររឹងមាំ សមត្ថភាព ប្រកបដោយការទទួលខុសត្រូវ ស៊ើបអង្កេត ស្រាវជ្រាវ និងមានជំនាញផ្នែកច្បាប់ សិក្សាពីតំបន់ភូមិសាស្រ្តពិតប្រាកដ ទើបឈានបញ្ជាកម្លាំងក្នុងនាមគណៈបញ្ជាការឯកភាពខេត្តឱ្យចាប់ឃាត់ក្រុមអនាធិបតេយ្យក្នុងបទល្មើសជាក់ស្ដែងបានចំនួន១២ នាក់សុទ្ធតែជាក្រុមមនុស្សរបស់លោកសុខ រ៉ាថន ពិតប្រាកដ មានទាំងយោធាក្នុងអង្គភាពកងពលតូចលេខ៧០ នោះទៀតផង។ រាល់ការធ្វើកំណត់ហេតុស្ដាប់ចម្លើយទៅលើក្រុមជនអាណាធិបតេយ្យទាំងនោះ ទើបដឹងថាពួកគេតែងតែឆ្លើយសារភាពថា លោកសុខ រ៉ាថន គឺជាអ្នកបានកេណ្ឌប្រមូលពួកគេឲ្យមកធ្វើសកម្មភាពនៅខេត្តព្រះសីហនុនេះ។ ខណះដីធ្លីនៅខេត្តព្រះសីហនុមានហាងឆេងហក់ឡើងថ្លៃខ្ពស់ ។

ជុំវិញបញ្ហាខាងលើអាចជាភស្ថុតាង ដែលថ្នាក់លើនិងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធមានវិធានការលុបបំបាត់រាល់ភាពអាណាធិបតេយ្យទីនេះ ជាពិសេសទៅចាត់វិធានការជាបន្ទាន់ទៅលើមេខ្លោងដែលមានឈ្មោះសុខ រ៉ាថន អតីតនៅអង្គភាព កងពលតូចលេច ប៉ុន្តែបានផ្ទេរចេញ បន្ទាប់ពីមានរឿងអាស្រូវ ពិសេសគេឈប់ប្រើប្រាស់ បែជាចេញមកធ្វើសកម្មភាពបង្កើតក្រុមអណាធិបតេយ្យដើម្បីរំលោភដីធ្លីនៅខេត្តព្រះសីហនុ។ 

បន្ទាប់ពីតុលាការខេត្តព្រះសីហនុចាត់វិធានការលើជនល្មើសទាំង១២រូប គេមានជំនឿថា មេខ្លោងគឺ លោក សុខ រ៉ាថន នឹងត្រូវតុលាការចាត់ការបន្តតាមនីតិវិធី។

លោក សុខ រ៉ាថន នាយរងលេខាធិការដ្ឋាន សេនាធិការចម្រុះ ពាក់ព័ន្ធករណីខាងលើនេះ លោកបានឲ្យអង្គភាព «នគរដ្រេហ្គន» ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ៖ ចំពោះករណីខាងលើនោះគឺជារឿងយល់ច្រឡំតែប៉ុណ្ណោះ។ ខណៈកូនចៅរបស់លោកមានកំហុសឆ្គងបន្តិចបន្តួច ត្រង់ថាបានយកទូរស័ព្ទដៃទៅថតក្រុមគណៈកម្មការដែលបានចុះមក និងយកដៃរាំង។ ទើបខាងកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្ស ១២នាក់យកទៅសាកសួរ។ លោកបន្តថា ៖ ករណីនេះខ្ញុំបានចូលខ្លួនទៅឆ្លើយបំភ្លឺរួចហើយ នៅអង្គភាពកងរាជអាវុធហត្ថខេត្ត ហើយសមត្ថកិច្ចក៏បានឱ្យអ្នកទាំង ១២នាក់រួមទាំងរូបលោក វិលត្រឡប់មកផ្ទះវិញតាំងពីថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២០ មកម្ល៉េះ។

លោក សុខ រ៉ាថន បានលើកឡើងថា ៖ ករណីដែលមានការចោទប្រកាន់ថារូបលោកបានបង្កើតក្រុមអនាធិបតេយ្យដើម្បីរំលោភយកដីប្រជាពលរដ្ឋនោះ គឺជារឿងមិនពិត លោកសូមធ្វើការបដិសេធន៍ ។ ធាតុពិតកន្លងទៅគឺខាងអាជ្ញាធរបានហៅលោកចំនួនបីដងផងដែរ ប៉ុន្តែលោកមិនបានចូលខ្លួនទៅបំភ្លឺ ។ ប៉ុន្តែករណីកន្លងទៅនេះគ្រាន់តែជារឿងយល់ច្រឡំអំពីទីតាំងដីតែប៉ុណ្ណោះ ហើយចំពោះថាលោកបានយកទាហានទៅប្រើប្រាស់នោះ នេះជាបញ្ហាផ្ទៃក្នុងរបស់ជួរកងទ័ព។ ខណៈលោកបានយកទាហានក្នុងកងពលតូចលេខ ៧០ ធ្វើជាតៃកុងឡាន។ ដូច្នេះហើយក្នុងនាមជាតៃកុងឡានគាត់ក៏ជួយកិច្ចការងារខ្ញុំផងដែរ។ ដូច្នេះសូមកុំមានការយល់ច្រឡំដូចដែលមានការលើកឡើងកន្លងមកនោះ។ លោកអះអាងថា៖ ប្រសិនបើមានពេលទំនេរខ្ញុំនឹងយកឯកសារជាច្រើនដើម្បីបង្ហាញអំពីភាពច្បាស់លាស់ទៅលើការកាន់កាប់ដីដោយស្របច្បាប់៕

 

ដោយ៖សុខ ខេមរា


ចែករំលែក៖