ភ្នំពេញ៖ សមាជិកក្លិបបញ្ជាការដ្ឋានកងអង្គរក្ស និងកងកម្លាំងអង្គភាពប្រឆាំងភេរវកម្មចំនួន ១០នាក់បានបញ្ចប់ការហ្វឹកហាត់កីឡាហាប់គូដូកម្រិតមធ្យម ជំនាន់ទី១ ដោយជោគជ័យ ក្រោយដំណើរការអស់រយៈពេល ៣ខែ ដែលរៀបចំដោយសហព័ន្ធកីឡាហាប់គីដូកម្ពុជា។
បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ សហព័ន្ធបានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ដល់កងអង្គរក្ស និងកងកម្លាំងប្រឆាំងភេរវកម្មខាងលើនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ មុនបន្ដការហ្វឹកហាត់វគ្គថ្មី និងស្នៀតថ្មីៗបន្ថែមទៀត សម្រាប់ពួកគេយកទៅប្រើប្រាស់ និងបម្រើឲ្យអង្គភាពរបស់ខ្លួន។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជាក់ថា ការហ្វឹកហាត់នេះ ធ្វើឡើងក្រោយមានការជំរុញ និងលើកទឹកចិត្តពីមេបញ្ជាការរបស់សិក្ខាកាមទាំងអស់ ដែលញាំងឲ្យពួកគេខិតខំប្រឹងហ្វឹកហាត់ ដើម្បីមានភាពរហ័សរហួន សម្រាប់បម្រើការងារឲ្យអង្គភាពផង និងសង្គមជាតិផង ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រភេទកីឡាសម្បូរដោយបច្ចេកទេសការពារខ្លួននេះ មានក្លិបជាសមាជិកសហព័ន្ធចំនួន ៥ ក្នុងនោះក៏មានកីឡាករ-កីឡាការិនី ជាកងកម្លាំងនៅតាមអង្គភាពមួយចំនួនដែរ ។ ទន្ទឹមជាមួយគ្នា សហព័ន្ធ កំពុងជំរុញការហ្វឹកហាត់ និងពង្រីកក្លិបទៅតាមបណ្ដាខេត្ត ដើម្បីពង្រីកសក្ដានុពលកីឡាហាប់គីដូនៅកម្ពុជាបន្ថែមទៀតផងដែរ៕
ដោយ៖សិលា