អន្តរជាតិ៖ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺCOVID-19 រាលត្បាតជាសកល ប៉ុន្តែការនាំចេញអង្កររបស់វៀតណាម បានកើនឡើងហួសពីការរំពឹងទុក រហូតវ៉ាដាច់ប្រទេសថៃ ហើយនេះក៏ជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ខណៈការកើនឡើងនៃការនាំរបស់វៀតណាមពេលនេះបានជម្រុញអ្នកជំនាញថៃឲ្យយោបល់ថា៖ ថៃគួរតែពង្រឹងជំហររបស់ខ្លួន លើវិស័យនាំចេញអង្ករនេះ ។
បើយោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) តម្លៃនាំចេញអង្ករក្នុងស្រុកបានបន្តកើនឡើង ជាក់ស្តែងអង្ករកំណាត់ ៥% មានតម្លៃ ២០ដុល្លារក្នុងមួយតោនខ្ពស់ជាងប្រទេសថៃនៅក្នុងខែសីហា។ ចំណែកអ្នកជំនាញនៅក្នុងឧស្សាហម្មនេះ អះអាងថា៖ ប្រទេសថៃត្រូវបានគេរំពឺងថានឹងនាំចេញអង្ករចំនួនតែ ៦.៥ លានតោនប៉ុណ្ណោះនៅឆ្នាំនេះ ហើយនឹងដែរនឹងធ្លាក់ចុះពីលេខ ៣ ដល់លេខ ៥ នៅក្នុងបញ្ជីនៃអ្នកនាំចេញអង្ករពិភពលោកនៅទសវត្សរ៍ក្រោយ ។
សូមជម្រាបថា កាលពីដើមឆ្នាំនេះអង្ករកំណត់ ៥% របស់ថៃ មានតម្លៃខ្ពស់ជាងអង្ករវៀតណាម ចន្លោះពី ៥០ ទៅ ៦០ ដុល្លារ។ ហើយគិតត្រឹមពាក់កណ្តាលខែសីហា អង្ករកំណាត់ ៥% ត្រូវបានលក់ក្នុងតម្លៃ ៤៩៣ដុល្លារទៅ ៤៩៧ ដុល្លារ ក្នុងមួយតោន ខណៈអង្ករថៃមានតម្លៃ ៤៧៣ដុល្លារទៅ ៤៧៧ ដុល្លារ ហើយប៉ាគីស្ថានមានតម្លៃ ៤២៣ដុល្លារ ទៅ ៤២៧ដុល្លារនិងឥណ្ឌាធ្លាក់ចុះក្នុងតម្លៃ ៣៧៨ដុល្លារ ទៅ ៣៨២ដុល្លារ។ មន្ត្រី VFA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ « នេះជាលើកទីមួយហើយ ដែលតម្លៃនាំចេញអង្កររបស់វៀតណាមបានឡើងខ្ពស់ជាងប្រទេសថៃក្នុងរយៈពេល៣០ ឆ្នាំមកនេះ »។
ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប–វៀតណាម(EVFTA) ដែលមានប្រសិទ្ធិភាពកាលពីខែមុន ធ្វើឲ្យវៀតណាមមានកូតាចំនួន ៨០,០០០ តោន ដើម្បីនាំចេញក្នុងមួយឆ្នាំជាមួយអត្រាពន្ធ ០.០ភាគរយ ដែលផ្តល់ឱកាសដល់ប្រទេសនេះ។
គួរបញ្ជាក់ថា បើតាមមន្ត្រី MARD បាននិយាយថា ការប្រើប្រាស់អង្ករនៅក្នុងសហភាពអឺរ៉ុបកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាប្រិយភាពនៃម្ហូបអាស៊ី ដូច្នេះវានៅតែមានកន្លែងសម្រាប់អ្នកនាំចេញរបស់វៀតណាមជាពិសេសជាមួយពន្ធសូន្យ។ ទន្ទឹមនឹងនេះ យោងតាមក្រសួងបានឱ្យដឹងថាការនាំចេញអង្ករក្នុងស្រុកបានឈានដល់ ៤.៥ លានតោន គិតជាទឹកប្រាក់មានចំនួន ២.២ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២០៕ដោយ៖ស តារា