ព័ត៌មានទាន់ហេតុការណ៍៖

បុរសខ្លាំងហ្វីលីពីន៖ បញ្ជាឲ្យមេគយបាញ់សម្លាប់ឈ្មួញថ្នាំញៀនភ្លាមៗនឹងកន្លែង ប្រសិនបើរកឃើញបទល្មើសជាក់ស្តែង

ចែករំលែក៖

អន្តរជាតិ៖ លោកប្រធានាធិបតី  រ៉ូឌ្រីហ្គោ ឌូទើតេ តាមរយៈសេចក្តីថ្លែងការណ៍មួយតាមកញ្ចប់ទូរទស្សន៍នាពេលថ្មីនេះថា៖ លោកបានបញ្ជាជាសាធារណៈឲ្យប្រធានគណៈកម្មាធិការគយរបស់ប្រទេសខ្លួន គឺលោក រ៉េ លេអូណាដូ ហ្គេរ៉េរ៉ូ បាញ់សម្លាប់ឈ្មួញថ្នាំញៀនភ្លាមៗនឹងកន្លែងប្រសិនបើរកឃើញថា ក្រុមទាំងនេះពិតបានប្រព្រឹត្តបទឧក្រិដ្ឋជាក់ស្តែងមួយនេះមែន។

ប្រធានាធិបតីហ្វីលីពីនរូបនេះ លើកឡើងបែបនេះ គឺដើម្បីបន្តជំរុញយុទ្ធនាការបោសសម្អាតគ្រឿងញៀនឲ្យអស់ពីប្រទេស តាមរយៈគ្រប់មធ្យោបាយរាប់បញ្ចូលទាំងការបាញ់សម្លាប់ជនល្មើសភ្លាមៗនៅនឹងកន្លែងផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ មេដឹកនាំរូបនេះ មើលឃើញថា លំហូរថ្នាំញៀននៅទូទាំងប្រទេសមិនទាន់មានភាពថមថយច្រើនប៉ុន្មាននោះទេ។

លោកប្រធានាធិបតី បានលើកឡើងថា កន្លងមក លោក បានអនុញ្ញាត និងអនុម័តកញ្ចប់ថវិកាសម្រាប់គណៈកម្មាធិការគយដើម្បីទិញកាំភ្លើងសម្រាប់ប្រតិបត្តិការរបស់ខ្លួន ក៏ប៉ុន្តែមកទល់ពេលនេះ លោក អះអាងថា លោកមិនទាន់ទទួលបានការរាយការណ៍ពីការបាញ់សម្លាប់ឈ្មួញថ្នាំញៀន ដោយប្រធានគណៈកម្មាធិការគយសូម្បីតែម្នាក់ផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian

ប្រមុខដឹកនាំកំពូលហ្វីលីពីនរូបនេះ បានថ្លែងបន្តថា លោក ធ្លាប់បានប្រាប់មេគយរបស់ប្រទេសត្រង់ៗហើយថា ថ្នាំញៀននៅតែមានចូលក្នុងប្រទេសហើយលោក បានផ្តល់ឲ្យមន្ត្រីគយសម្លាប់ជនល្មើសភ្លាមៗនៅនឹងកន្លងតែម្តង ប្រសិនបើរកឃើញការចរាចរថ្នាំញៀន។ លោកថែមទាំងបានផ្តល់ការការពារដល់មេគយរបស់ប្រទេសថា លោក មិនឲ្យមន្ត្រីគយជាប់ពន្ធនាគារដោយសារតែការបាញ់សម្លាប់ ឈ្មួញថ្នាំញៀននោះទេ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ឌូទើតេ បើគិតចាប់តាំងពីលោកឡើងកាន់អំណាចមក រយៈពេលបួនឆ្នាំមកហើយ ដែលយុទ្ធនាការបោសសម្អាតគ្រឿងញៀនត្រូវបានអនុវត្ត។ ទោះជាមានការចោទប្រកាន់ពីការអនុវត្តផ្ទុយច្បាប់ស្តីពីកាត់ទោសក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងបញ្ហាថ្នាំញៀននេះក៏ដោយ លោកប្រធានាធិបតី នៅតែជ្រើសរើសការបាញ់សម្លាប់ជនល្មើស ជាវិធានការដែលមិនអាចរំលងបានឡើយ។ ព្រោះកន្លងមក អ្នកដែលអនុវត្តបទបញ្ជាបាញ់សម្លាប់ជនល្មើសនេះ គឺមានតែកងកម្លាំងប៉ូលីសប៉ុណ្ណោះ៕ដោយ៖ស តារា


ចែករំលែក៖