ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការសិក្សាស្រាវជ្រាលើប្រធានបទ “ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញ” លោក បានអះអាងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានរកឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅមិនទាន់បានទូលំទូលាយ ហើយអ្នកបើកបរភាគច្រើននៅមិនទាន់មានឥរិយាបថចូលរួមក្នុងការគោរពច្បាប់ និងការរឹតបណ្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពនៅមាន កម្រិតទាបនៅឡើយ។
ក្នុងសិក្ខាសាលានេះដែរ បានធ្វើឡើងនៅសាកលវិទ្យាល័យធនធានមនុស្សរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីតំណាងអង្គភាព និងស្ថាប័នរដ្ឋចំនួន១៤ អង្គការក្រៅរដ្ឋាភិបាលចំនួន១ សមាគមដឹកជញ្ជូនអ្នកដំណើរនិងក្រុមហ៊ុន ហ៊ុនដា ព្រមទាំងអ្នកចូលរួម សរុបចំនួនប្រមាណ១០០នាក់។
បើតាមរបាយការណ៍លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យានាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានលើកឡើងដែរថា៖ វិទ្យាស្ថាន បានធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទនេះ ក្នុងរយៈពេល៥ខែចាប់ផ្តើមពីចុងខែតុលា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការសរសេររបាយការណ៍ លទ្ធផលនៃការស្រាវជ្រាវជាស្ថាពរ ដែលត្រូវការផ្សព្វផ្សាយក្នុងអង្គសិក្ខាសាលានាពេលនេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សេង ផល្លី បានសំដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់លើលទ្ធផលនៃការសិក្សា ស្រាវជ្រាវនេះ និងបញ្ជាក់ថា គម្រោងសិក្សាស្រាវជ្រាវនេះ មានការឧបត្ថម្ភគាំទ្រថវិកាពីសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្តល់ឲ្យបណ្ឌិត្យសភាធ្វើការសិក្សាស្រាវជ្រាវតាមលក្ខណៈ វិទ្យាសាស្ត្រ ដើម្បីរកឲ្យឃើញនូវបញ្ហាប្រឈម កត្តារាំងស្ទះនានា និងដាក់ចេញនូវវិធានដោះស្រាយ ឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកប្រធានបណ្ឌិត្យសភានគរបាលកម្ពុជារូបនេះ បន្ថែមថា ចំណែកការចូលរួមសហការរបស់អ្នកពាក់ព័ន្ធ ក៏នៅមានភាពខ្វះចន្លោះ ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ផងដែរ ហើយ ធនធានគាំទ្រដល់ដំណើរការអនុវត្ត ការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមានការខ្វះខាតច្រើនដែលជាហេតុផលធ្វើឲ្យប្រសិទ្ធភាព នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ នៅមានកម្រិត។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បណ្ឌិត សេង ផល្លី បានបន្ថែមថា សិក្ខាសាលានេះ មានគោលបំណង និងសារៈសំខាន់ ដូចខាងក្រោម៖
១/ ផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវលើប្រធានបទ «ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញ» ដល់អ្នកពាក់ព័ន្ធ។
២/ប្រមូលយោបល់ និងធាតុចូលបន្ថែមទៀត ពីអ្នកពាក់ព័ន្ធលើយុទ្ធសាស្ត្រអន្តរាគមន៍ តាមអនុសាសន៍ដែល បានស្នើឡើងនៅក្នុងរបាយការណ៍លទ្ធផលស្រាវជ្រាវ ។
៣/ពង្រឹងទំនាក់ទំនងនិងកិច្ចសហការគ្នា លើការងារស្រាវជ្រាវរវាងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាមួយអ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ។
៤/ លទ្ធផលនៃការស្រាវជ្រាវ នឹងបម្រើជាប្រយោជន៍ ដល់អ្នកពាក់ព័ន្ធសម្រាប់ការងារគ្រប់គ្រងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញឲ្យមានលក្ខណៈប្រសើរឡើង៕
ដោយ៖ស តារា