ភ្នំពេញ៖ បន្ទាប់ពីអវត្តមាន តារាចម្រៀង ព្រាប សុវត្ថិក្នុងផលិតកម្មហង្សមាស រួចមក ខេមរៈ សិរីមន្តបានបញ្ចេញបទចម្រៀងខ្លាំងៗជាបន្តបន្ទាប់ ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកនោះគឺការបញ្ចេញបទចម្រៀងរួមគ្នាមួយបទជាមួយតារាចម្រៀងលំដាប់ជួរមុខរួមទ្រនុំគឺអ្នកនាងឱក សុគន្ធកញ្ញា។
គេសង្កេតឃើញថាក្រោយពីចូលដល់ថ្ងៃកាន់បិណ្ឌភ្លាម តារាចម្រៀងពីបណ្តាលផលិតកម្មធំៗបានប្រជែងគ្នាបញ្ចេញបទចម្រៀងជាច្រើនបន្តបន្ទាប់។ ថ្មីៗនេះដែរ តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាស គឺអ្នកនាង ឱក សុគន្ធ កញ្ញា និងលោក ខេមរៈ សិរីមន្ត បានបញ្ចេញស្នាដៃបទចម្រៀងប្រជាប្រិយខ្មែរមួយបទដែលទទួលបានការគាំទ្រខ្លាំងខណៈគុណភាពនៃការផលិតមានកម្រិតខ្ពស់ដែលគេដឹងថាអាចប្រជែងឈ្នះអស់នូវបទចម្រៀងរបស់ផលិតកម្មដទៃគឺបទ”ភ្ជុំបិណ្ឌដល់ហើយ” ។ បទនេះគឺជាការបង្ហើរសំនៀងរួមគ្នាជាលើកដំបូងរបស់តារាចម្រៀងលំដាប់ជួរមុខទាំងពីរ។ បទចម្រៀងដែលបង្កប់ដោយអត្ថន័យស៊ីជម្រៅនេះត្រូវបាននិពន្ធដោយអ្នកនិពន្ធល្បីឈ្មោះឯកឧត្តម ហ៊ុន ហេង អមដោយការលាយបញ្ចូលគ្នានូវឧបករណ៍ភ្លេងខ្មែរយ៉ាងពិរោះរណ្តំចិត្តកាន់តែធ្វើឲ្យអ្នកគាំទ្រទប់ចិត្តមិនសរសើរមិនបាន ពិសេសស្របពេលដែលឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់នោះគឺកាន់តែធ្វើឲ្យអារម្មណ៍និងមនោសញ្ចេតនារបស់អ្នកស្តាប់កាន់តែពុះកញ្ជ្រោលនឹកដល់ទឹកដីកំណើត និងអ្នកមានគុណ។ បទចម្រៀងដែលអមដោយការស្លៀកពាក់យ៉ាងសមសួនស្រស់សោភា បូកបញ្ចូលទាំងបច្ចេកទេសផលិតកាន់តែខ្ពស់ គឺកាន់តែធ្វើឲ្យបទចម្រៀងមួយនេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ហើយបើធៀបជាមួយបទចម្រៀងថ្មីរបស់តារាចម្រៀងផលិតកម្មផ្សេងគឺមិនអាចប្រជែងបាន។
ការបញ្ចេញបទចម្រៀងនេះក៏ស្របពេលដែលបទចម្រៀងរបស់លោកព្រាប សុវត្ថិក្នុងផលិតកម្មថ្មីរងការរិះគន់មួយចំនួនផងដែរ៕
ដោយ ៖វឌ្ឍនា