ក្រុមជំនាញបារាំងបានបើកការស្រាវជ្រាវ ករណីវាយប្រហារទៅលើសត្វសេះចិញ្ចឹមនៅទូទាំងប្រទេសបារាំង។ តាមសារព័ត៌មាន AP បានផ្សាយនៅថ្ងៃទី ៧ខែកញ្ញាថា មានសត្វសេះជាច្រើនក្បាលត្រូវជនដៃដល់កាប់ឲ្យរបួសធ្ងន់ ហើយសេះខ្លះទៀតត្រូវសម្លាប់តែម្តង។
អ្នកដែលទទួលរងការខាតបង់សេដ្ឋកិច្ចច្រើនជាងគេគឺកសិដ្ឋានចិញ្ចឹមសេះ។ រដ្ឋមន្ត្រី Gerald Darmanin បានស្នើដល់ពលរដ្ឋ«មិនត្រូវកាត់ក្តីដោយខ្លួនឯងឡើយ»ដោយខ្លាចពលរដ្ឋខឹងសម្បាសម្លាប់ជនដៃដល់ដែលដើរសម្លាប់សេះ ។ ក្រុមជំនាញបានស្រាវជ្រាវ ដល់ទៅ១៥០ករណីផ្សេងគ្នាពីការសម្លាប់សេះ។
ក្នុងចំណោមករណីវាយប្រហារទៅលើសត្វសេះ មាន៣០ករណីធ្វើឲ្យសេះងាប់ ឬរបួសធ្ងន់។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស ជនល្មើសប្រើកាំបិតចាក់ និងកាប់ទៅលើសេះ។ សត្វសេះជាច្រើនក្បាលត្រូវគេប្រទះឃើញស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដោយសារតែឈាមហូរច្រើន ។
នៅពេលនេះប៉ូលិសបារំាង បានចាប់ខ្លួនបុរសវ័យ៥០ឆ្នាំម្នាក់ នៅតំបន់Haut-Rhin ភាគខាងកើតប្រទេសបារាំង ដោយជាប់សង្ស័យពីការវាយប្រហារទៅលើសត្វសេះ។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួង កសិកម្មបារាំង លោក Julien Denormandie ក៏បានជួបពិភាក្សា ជាមួយពលរដ្ឋ ពិសេសអ្នកចិញ្ចឹមសេះផងដែរ៕ដោយ៖ធី រីណា