ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យដីសម្បទានសង្គមកិច្ច

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិនិត្យដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជនខេត្តពោធិ៍សាត់ ដោយក្នុងនោះ អមដំណើរ និងអញ្ជើញចូលរួមដោយលោក អភិបាល អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ ។

 ក្នុងកិច្ចប្រជុំពិនិត្យដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជនខេត្តពោធិ៍សាត់ខាងលើ ធ្វើឡើងនាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ស្ថិតនៅភូមិព្រែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។

 ក្នុងនោះលោកទេសរដ្ឋមន្រ្តី បានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់នូវគម្រោងដីសម្បទានសង្គមកិច្ចជាច្រើនហិកតាសម្រាប់ចែកជូនអតីតយុទ្ធជនរាប់រយគ្រួសារក្នុងខេត្តពោធិ៍សាត់ឲ្យមានតម្លាភាព។

ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ពីប្រវត្តិដី និងទីតាំងភូមិសាស្រ្តដីសម្បទានជូនថ្នាក់ដឹកនាំ និងអង្គប្រជុំទាំងមូលបានជ្រាប ដោយបញ្ជាក់ថាកន្លងមកកម្លាំងគណៈបញ្ជាការឯកភាពស្រុក.ខេត្ត សហការចុះស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងឃើញថា ផ្ទៃដីខាងលើមានរាងបួនជ្រុងទ្រវែង ដែលទទឹងមានប្រវែងចំនួន២.៦០០ម៉ែត្រ និងបណ្តោយមានប្រវែង៣.៨០០ម៉ែត្រស្ថិតត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានព្រំប្រទល់ជាប់ស្រុកក្រគរ ខាងកើតជាប់ដីអភិវឌ្ឍន៍ក្រសួងការពារជាតិ ខាងលិចទល់ភ្នំ ខាងត្បូងទល់ដែនបរិស្ថាន និងខាងជើងទល់ដីប្រជាពលរដ្ឋ។ ដីនេះស្ថិតក្នុងដីព្រៃរិចនៃគម្របព្រៃឈើឆ្នាំ២០០២ របស់រដ្ឋព្រៃឈើហើយទីតាំងដីសម្បូរទៅដោយខ្សែអូរកាត់ជាច្រើន ជាប្រភពស្រោចស្រប់ទឹកយ៉ាងសំខាន់។ ដីមានទួលជម្រាលខ្ពស់ល្មមមិនលិចទឹក និងមានជីជាតិល្អបង្គួរធ្វើឲ្យមាន អំណោយផលល្អផ្នែកកសិកម្ម ។ លោកអភិបាលខេត្តមានប្រសាសន៍បន្តថា ផ្ទៃដីសរុបចំនួន ៩៥៥ហិកតា ដោយឡែក ៖ ផ្ទៃចំនួន៧២០ហិកតា សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន និងគ្រួសារ ។ចំណែកចំនួន ២៣៥ហិកតាទៀត សម្រាប់ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ និងដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ក្នុងភូមិឃុំស្រុកខេត្ត ដើម្បីបង្កបង្កើនផល។

ចុងក្រោយៈ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរអរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងគ្រប់ឧបស័គ្គ ដើម្បីដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន និងគ្រួសាររបស់យើងមានតម្លាភាពនិងយុត្តិធម៌ ៕

ដោយ៖បុឹម ពិន


ចែករំលែក៖