ខេត្តកំពង់ឆ្នាំង៖ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក ចំនួន១៧២នាក់ ក្នុងនោះស្រ្តីចំនួន៦៤នាក់ បានចូលរួមស្តាប់ការផ្សព្វផ្សាយ អនុសាសន៍ ១១ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្សព្វផ្សាយទស្សនយេនឌ័រ និងទប់ស្កាត់អំពើហិង្សារក្នុងគ្រួសារ ដែលពិធីផ្សព្វផ្សាយបានប្រព្រឹត្តិទៅពេញមួយថ្ងៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅកងពលតូចអន្តរាគមន៍លេខ១ ក្រោមអធិបតីភាពលោកស្រីនាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ។
លោកស្រី អនុសេនីយ៍ឯក ហ៊ឹម សុភី ប្រធានក្រុមការងារយេនឌ័រ កងពលតូចអន្តរាគមន៍លេខ១ បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ យុទ្ធនារីកងពល បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍នូវភារកិច្ចដែលបានប្រគល់ឱ្យប្រកបដោយជោគជ័យ ព្រមទាំងបានលើកកម្ពស់សមត្ថភាពយេនឌ័រ ការគាំពារសង្គម ការកសាងធនធានមនុស្ស និងការចូលរួមលើកកម្ពស់ស្ត្រី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារដែលកើតមានមកលើស្ត្រី។
ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារយេនឌ័រ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយនាពេលនេះគឺមានសារសំខាន់ ខណៈដែលប្រទេសជាតិកំពុងធ្វើការអភិវឌ្ឍន៍ និងដើម្បីឱ្យកងទ័ពយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ស្ថានភាពរបស់ស្ត្រីនៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ព្រមទាំងបង្កើនការយល់ដឹងអំពីទស្សនៈយេនឌ័រ និងអំពើហិង្សាក្នុងគ្រួសារ ហើយមានបំណងដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១ ទាំងអស់ស្វែងយល់លើខ្លឹមសារស៊ីជម្រៅលើការងារយេនឌ័រ សមធម៌ សមភាពយេនឌ័រ និងលើកស្ទួយនៃសមត្ថភាពរបស់នារី នៃកងយោធពលខេមរភូមិន្ទ ស្របតាមផែនការយេនឌ័រ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក។
លោកស្រីនាយឧត្តមសេនីយ៍ ម៉ី មនដារី ជំនួសមុខជូនលោកជំទាវប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឱ្យគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តជំរុញការអនុវត្តន៍បញ្ជ្រាបយេនឌ័រឱ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការអនុវត្តន៍គោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងលើកស្ទួយស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ឱកាសឱ្យនារីនៅក្នុងកងយោធពលខេមរភូមិន្ទ កាន់តែប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ លើកិច្ចការ ការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ ស្របទៅនឹងនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធ្វើឱ្យសម្រេចបាននៅក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តន៍ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ម៉ី មនដារី ក៏បានសំណូមពរឱ្យមានការផ្ដល់ឱកាសបន្ថែម និងជំរុញលើកទឹកចិត្ត ដល់នាយទាហានជានារី ក្នុងការទទួលបាននូវតួនាទី និងឋានន្តរសក្តិ លុបបំបាត់ទស្សនៈ រើសអើងលើស្ត្រី បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៍ ផងដែរ៕ដោយ៖សិលា