ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកលុបទិដ្ឋាការនិស្សិតចិនជាង​១០០០នាក់

ចែករំលែក៖

អន្តរជាតិ៖ អាមេរិក​បានលុបទិដ្ឋាការ(វីសា)ដល់ក្រុមនិស្សិតចិនជាង​១ពាន់នាក់​។ នេះជាសកម្មភាពថ្មីបំផុត​របស់អាមេរិកទៅលើក្រុមនិស្សិតចិន ។ កាលពីថ្ងៃទី២៩ខែឧសភាកន្លងមក​ លោកត្រាំ បានប្រកាសផ្អាកមិនឱ្យក្រុមនិស្សិតចិនមកសិស្សានៅអាមេរិក ដោយចោទថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា​«គិតមកដល់ថ្ងៃទី៨ខែកញ្ញា​ ក្រសួងការបរទេសបានលុបវីសា​និស្សិតចិនជាង​១ពាន់នាក់ហើយ។ ក្រុមនិស្សិតដែលលុបវីសា​​ គឺស្ថិតនៅក្នុងសេចក្តីប្រកាសលេខ10043 ​ដូច្នេះនិស្សិតទាំងនោះមិនត្រូវបានផ្តល់ជូនវីសាឡើយ»។
កន្លងមក រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក លោក Chad Wolf ធ្លាប់បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន បានទប់ស្កាត់និស្សិតចិនមកកាន់អាមេរិកកាន់តែច្រើន ហើយក្រុមនិស្សិតទាំងនោះបានស្រាវជ្រាវប៉ះពាល់ដល់សន្តិសុខជាតិ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «ក្រុមនិស្សិតស្រាវជ្រាវដែលមានចំនួនតិចគឺជា​ការគំរាមកំហែងដល់សន្តិសុខខ្ពស់»។ បច្ចុប្បន្នក្រុមនិស្សិតចិន​សិក្សានៅអាមេរិកមានដល់ទៅជាង​៣៦០ពាន់នាក់ ​ហើយក្រុមនិស្សិតទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់មហាវិទ្យាល័យនៅអាមេរិក​។ កន្លងមកចិនបានប្រឆាំងនឹងសកម្មភាពកាត់បន្ថយចំនួននិស្សិតចិននៅអាមេរិក ។
ទំនាក់ទំនងរវាងអាមេរិក​និឹងចិន កាន់តែអាក្រក់ទៅដោយ​បញ្ហាជាច្រើន ពិសេសគឺវិស័យពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង និងបញ្ហាកោះហុងកុងជាដើម​៕ដោយ៖ធី រីណា


ចែករំលែក៖