ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញនាពេលខាងមុខ ដើម្បីឱ្យស្របទៅនឹងស្ថានភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងកិច្ចប្រជុំគណ:កម្មការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដែលធ្វើឡើងជាលើកដំបូងនៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ នាទីស្តីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា៖
ច្បាប់ស្តីពីរបបសារព័ត៌មាន មានចំណុចខ្វះខាត គឺមិនកំណត់ពីលក្ខណៈសម្បត្តិ របស់និពន្ធនាយកកាសែត សមត្ថភាព ចំណេះដឹង និងមិនកំណត់ឱ្យមានសញ្ញាបត្រអ្វីទាំងអស់ ដែលនាំឱ្យស្ថាប័នសារព័ត៌មាន ជាច្រើន មិនសូវមាន វិជ្ជាជីវៈ។

លោកបន្តថា ការធ្វើវិសោធនកម្មឡើងវិញនឹងគិតគូរពីលក្ខន្តិកៈដែលអាចក្លាយជានិពន្ធនាយក ឬចាងហ្វាងកាសែត បាន គឺត្រូវមានក្នុងកំរិតណាមួយឱ្យបានច្បាស់លាស់។ ចំពោះសិទ្ធិឆ្លើយតប គឺកាសែតត្រូវមានកាតព្វកិច្ច កែតម្រូវនូវកំហុសឆ្គងរបស់ខ្លួនដែលបានចុះផ្សាយរួចហើយ ដោយមិនត្រូវមានការគេច ធ្វើមិនដឹង មិនឮនោះទេ។ ទន្ទឹមនេះ តើ កាសែតក្នុង Facebook ត្រូវរាប់បញ្ចូលក្នុងកាសែតដែរឬអត់? សម្រាប់ដាក់បញ្ចូលនៅក្នុងការធ្វើវិសោធនកម្មច្បាប់ថ្មីនេះ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ដែរថា ៖ ជំហានដំបូង គណ:កម្មការធ្វើវិសោធនកម្មច្បាប់ ស្តីពីរបបសារព័ត៌មាន នៃក្រសួងព័ត៌មាន ត្រូវជួបពិភាក្សាគ្នា សរសេរកែសម្រួលរួចរាល់ ហើយនឹងមានការអញ្ជើញគ្រប់ផ្នែក​ពាក់ព័ន្ធចូលរួម ផងដែរ។
សូមបញ្ជាក់ថា ៖ ច្បាប់ស្តីពីរបបសារព័ត៌មានបានអនុម័តឱ្យ ប្រើបា្រស់តាំងពីឆ្នាំ ១៩៩៥ ដែលមាន ៥ ជំពូក និង ២១ មាត្រា៕

ប្រភព៖ វិទ្យុជាតិកម្ពុជា


ចែករំលែក៖