ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង រកឃើញពពុះសណ្តែក ថ្នាំដុសធ្មេញ ទឹកដោះគោខាប់ តែ ទឹកក្រូចនិងសាប៊ូមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារប្រសូត្រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញក.ប.ប. ខេត្តស្វាយរៀងបានរកឃើញផលិតផល មានផ្ទុកនូវសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាបនាថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង បានឱ្យដឹងថា ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី យើងបានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោនៅតាមបណ្ដាម៉ាត ដេប៉ូនានា និងនៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ  និងភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផលមានផ្ទុកនូវសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាល
បរិច្ឆេទប្រើប្រាស់ ដូចជា៖
ពពុះសណ្តែកចំនួន៥គីឡូក្រាម,ថ្នាំដុសធ្មេញចំនួន៣០ប្រអប់,ទឹកដោះគោខាប់ចំនួន១៥កំប៉ុង,តែចំនួន១៩កញ្ចប់, ទឹកក្រូចចំនួន១៥ កំប៉ុង, សាប៊ូចំនួន១១កញ្ចប់ ។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅធ្វើការកម្ទេចចោល។
ចំពោះម្សៅទឹកដោះគោមន្រ្តីជំនាញសង្កេតឃើញភាគច្រើនបានបិទព័ត៌មានបន្ថែមជាភាសាខ្មែរលើសំបកវេចខ្ចប់ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀតឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖