ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅសង្កាត់ស្ទឹងមានជ័យ៣​ទៅជាប់ខ្នោះសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អម​

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូនសុិច​ពីនារីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង១០​ និង៣០នាទីយប់​ ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅតាមផ្លូវបេតុងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រួចពួកគេបានជិះម៉ូតូគេចខ្លួនទៅដល់​ផ្លូវទាល់​ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម​នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅយប់កេីតហេតុភ្លាមៗតែម្ដង​ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបានរួមមាន​ ៖​ ទី១-ឈ្មោះ​ ឈួន ចិន ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀនជាប់នឹងខ្លួន និងទី២-ឈ្មោះ​ រឹម តុលា​ ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។​ ចំណែកនារីរងគ្រោះមានឈ្មោះជឹម ចាន់ណា​ អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកនៅភោជនីយដ្ឋានមួយកន្លែង​ ស្នាក់នៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

     សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុនពេលកើតហេតុស្ត្រីរងគ្រោះបានចេញពីធ្វើការនៅហាង រួចដើរតាមផ្លូវបំណងទៅផ្ទះ ហើយបាននិយាយទូរស័ព្ទជាមួយមិត្តភក្កិ ស្របពេលនោះក៏មានជនសង្ស័យ២នាក់​ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 1HB-8594 ធ្វើដំណើរមកពីក្រោយក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូនស៊ិចពីនារីរងគ្រោះបានសម្រេច រួចជិះម៉ូតូបំណងគេចខ្លួនទៅដល់ផ្លូវទាល់ ទេីបជនសង្ស័យទាំង២នាក់បត់ត្រឡប់ក្រោយវិញ​ ពេលនោះនារីរងគ្រោះបានឈរពីមុខម៉ូតូរបស់ជនសង្ស័យធ្វេីឲ្យជនសង្ស័យទាំងពីរនាក់ជិះម៉ូតូបំបុកបណ្ដាលឲ្យនារីរងគ្រោះដួលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ពេលនោះក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អម​ ជួយដេញចាប់បានជនសង្ស័យ២នាក់ភ្លាមយកទៅសួរនាំ​ ។ 

    ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អម​ ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ​ ។ 

    នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អម ជនសង្ស័យ២នាក់បានឆ្លើយសារភាពថា​ ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីរងគ្រោះពិតប្រាកដមែន​ តែមិនមែនឆក់នៅក្នុងទឹកដីប៉ុស្តិ៍នគរបាលអូរបែកក្អមទេ គឺនៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។​ ពេលនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អមក៏បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី៣ឲ្យមកយកជនសង្ស័យទាំងពីរនាក់ទៅសាកសួរបន្តតាមនីតិវិធី​ ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង២នាក់ខាងលេី​ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ កំពុងសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការតាមច្បាប់​ ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖