ភ្នំពេញ៖ មានការភ្ជាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រក្រោយពីសារចោទប្រកាន់ធ្ងន់រឿងមានទំនាក់ទំនងប្តីគេយ៉ាងស្ងាត់កំបាំងមួយត្រូវបានជនអនាមិកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ សារដ៏កក្រើកនេះបានធ្វើឲ្យមានការចែករំលែក និងប្រើប្រាស់ភាសាធ្ងន់ៗមកលើនាងរហូតតារាស្រីរូបនេះចេញមុខប្រតិកម្មធ្ងន់ៗតបទៅនៅការចោទប្រកាន់មួយនេះ។
ប៉ុន្មានថ្ងៃមុននេះមានក្រុមបណ្តាញសង្គមសាធារណៈមួយបានបង្ហោះសារយ៉ាងវែងអន្លាយដោយបានរៀបរាប់អំពីទុក្ខវេទនាក្នុងផ្លូវអារម្មណ៍ជាខ្លាំងក្រោយពីនារីម្នាក់ដែលបានព្យាយាមឆក់យកប្តីពីទ្រូងនាង ហើយប្តីនោះសុខចិត្តបោះបង់ភរិយាស្របច្បាប់ដើម្បីទៅរួមរស់ជាមួយអតីតសង្សាររចោលប្រពន្ធការពេញច្បាប់។ ក្រៅពីចោទប្រកាន់ដណ្តើមប្តីគេ សារនោះក៏រំលេចអំពីអត្តចរិកមនុស្សស្រីពិសពុលនិងផ្លាស់ប្តូរស្នេហ៍ជាមួយបុរសមានទ្រព្យជាច្រើន។
អានអំពីសារបញ្ចេញអារម្មណ៍ហើយនឹងបានធ្វើឲ្យនារីជាច្រើនចងកំហឹងនឹងនារីទី៣នោះជាខ្លាំង។ នៅក្នុងសារបញ្ចេញយោបល់នៃសំណេរដ៏វែងនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រើប្រាស់ភាសាក្រមា និងសាឡាត់ ដែលនាំឲ្យមានការងើយឆ្ងល់រហូតធ្វើឲ្យគេគិតដល់តារាសម្តែងស្រីពីររូបគឺកញ្ញា មាន សូនីតាដែលគេបានដាក់រហស្សនាមថាជារាជនីក្រមា និងកញ្ញា សាឡាត់ស្រីឡាង ដែលធ្លាប់ផ្ទុះរងការចោទរឿងទំនាក់ទំនងស្នេហ៍ប្តីគេគឺថៅកែផលិតកម្មLD Picture នោះ។ កាន់តែច្បាស់ក្រោយពីក្រោយម្ចាស់ Account Facebook ឈ្មោះ Panhchaka June ដែល ជាអតីតភរិយា ម្ចាស់ផលិតកម្ម Ldគឺលោក លៀក លីដានោះបានធ្វើការចែករំលែក អមដោយពាក្យចាក់ដោតថា”រាជនីក្រមាអើយ… ខកចិត្តណាស់ ខំស្រលាញ់រាប់ឆ្នាំ ម៉េចកាត់រកសាឡាត់ចឹង… ចូលចិត្តណាស់អាធ្វើវីដេអូអប់រំគេនឹងខ្លួនឯងវិញឡើងរលួយ… មនុស្សសម័យនេះហាមមើលតែសម្បកក្រៅ…”។ សារដ៏ចាក់ដោតនេះបានធ្វើឲ្យគេនឹកឃើញភ្លាមដល់រឿងរ៉ាវដែលអ្នកនាងជួបប្រទះកន្លងមក។
នៅមិនទាន់អាចទំនាក់ទំនងស្វែងរកការបញ្ជាក់ពីតារាស្រី មាន សូនីតា បាននៅឡើយទេនៅល្ងាចថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០នេះ។
ទន្ទឹមនឹងការប្រើប្រាស់ភាសាពេញនិយមរឿងក្រមា និងសាឡាត់ និងការចោទប្រកាន់នេះបានធ្វើឲ្យតារាសម្តែង មាន សូនីតា ចេញមុខប្រតិកម្មខ្លាំងផ្ញើទៅកាន់អ្នកលេងបណ្តាញសង្គមដោយបានបង្ហាញចម្ងល់អំពីការទាញនាងភ្ជាប់ទៅនឹងសាច់រឿងនេះ រួមទាំងការចោទ និងបង្ហាញយោបល់ចោទមកលើនាងទាំងមិនបានដឹងរឿង។ នាងក៏បានចោទទៅកាន់អ្នកបង្កើតគណីយហ្វេសប៊ុកដែលបានអនុញ្ញាតឲ្យមានការបង្ហោះនិងប្រើប្រាស់ការបញ្ចេញយោបល់ដែលមិនពិតប៉ះពាល់ដល់នាង ហើយអ្នកអានដឹងយ៉ាងដូចម្តេចថារឿងដែលត្រូវបានបង្ហោះនោះថាជារឿងពិត? នាងបញ្ជាក់ដែរថាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយតបសារទៅកាន់ជនគ្មានប្រយោជន៍ ឬបំពុលសង្គមនោះទេ។ នាងក៏អរគុណសម្រាប់សារលើកទឹកចិត្តរបស់អ្នកគាំទ្រឲ្យនាងតស៊ូទៅមុខដោយមិនខ្វល់នឹងបញ្ហានានា៕ ដោយ៖ វឌ្ឍនា