ភ្នំពេញ៖ មានជនរងគ្រោះជាច្រើនផងដែរ បានខាតបង់ប្រាក់ ត្រូវខ្ចីបុលគេ ដើម្បីចង់បានចូលក្របខ័ណ្ឌ ជាមន្ត្រីនគរបាល យោធា គយ នេះជាដើម តាមរយៈជនខិលខូចបោកប្រាស់ ធានារត់ការ ស្គាល់អ្នកធំនេះ អ្នកធំនោះ ទីបំផុត អ្នកខ្លះក៏បានប្រាក់វិញមួយចំនួន ខ្លះទៀតគេសុីដាច់ ត្រូវសងបំណុលគេជាហូហែ។
បញ្ហានេះ ឈានដល់លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានជួបផ្ទាល់ក្នុងរឿងនេះ បន្ទាប់ពីមានអ្នករងគ្រោះមកឱ្យគាត់ជួយ។
លោក ដួង តារា បានបញ្ជាក់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា៖ អោយលុយគេរត់ការធ្វេីធំ ប្រយ័ត្នគេបោក!
លោកបន្តថា៖ សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វេីជាប៉ូលិសឬប៉េអឹម ជាពិសេសក្នុងពេលកូវីដ-១៩នេះ។
លោក ដួង តារា លើកឡើងថា៖ កាលពីម្សិលមុិញ មានប្អូនប្រុសអ្នកខេត្តម្នាក់បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលិសឬជាប៉េអឹម។
ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត ហេីយបង្ហេីរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។
លោក ដួង តារា រំឮកថា៖ ខ្ញុំបានណែនាំប្រាប់អោយប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលិសខណ្ឌនិងនៅស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទារទោស កុំអោយដេីរបោកប្រាស់ពលរដ្ឋទៀត។
សូមបងប្អូនកុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង តែបែរជាអោយគេបោកបានស្រួលម្ល៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់ ព្រោះអាចជួបរឿងបែបនេះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សិលា