ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​អឺរ៉ុប អះអាងថា៖ បរិយាកាស​ជំនួញ​នៅ​ចិន ជាប់​ពាក់ព័ន្ធ​កាន់តែខ្លាំង​ឡើងទៅ​នឹង​រឿង​នយោបាយ​

ចែករំលែក៖

អន្តរជាតិ៖ បណ្តាក្រុមហ៊ុនអឺរ៉ុប នៅប្រទេសចិនបានលើកឡើងអំពីបរិយាកាសជំនួញនៅចិន គឺជាប់ពាក់ព័ន្ធកាន់តែខ្លាំងឡើងទៅនឹងរឿងនយោបាយ មិនតែប៉ុណ្ណោះក្រុមហ៊ុនអឺរ៉ុប ក៏បានបង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើង ចំពោះការសកម្មភាពរឹតត្បិតពីសំណាក់ចិន ខណៈពេលដែលទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអឺរ៉ុបនៅបន្តតានតឹង នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំចិន បានលើកឡើងពីបញ្ហា ក៏ដូចជាសេចក្តីបារម្ភរបស់ក្រុមហ៊ុនអឺរ៉ុបចំនួន,៧០០

ក្រុមហ៊ុនអឺរ៉ុបទាំងនោះ បានលើកឡើងពីការរឹតត្បិតក្នុងការធ្វើដំណើរនៅពេលផ្ទុះជំងឺឆ្លង COVID-19 ក៏ដូចជាការហាមឃាត់មិនឲ្យក្រុមហ៊ុនអឺរ៉ុបចូលរកស៊ីក្នុងវិស័យសំខាន់ៗរបស់សេដ្ឋកិច្ចចិន

របាយការណ៍ដដែរ ក៏បានព្រមានថា ទំនាក់ទំនងកំពុងតែយ៉ាប់យ៉ឺនរវាងចិននិងអឺរ៉ុបជុំវិញសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំ និងច្បាប់សន្តិសុខហុងកុង អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនអឺរ៉ុបដែលកំពុងធ្វើជំនួញនៅចិន ក្ដីបារម្ភនេះស្ដែងតាមការសិក្សារបស់ក្រុមការងារសភាពាណិជ្ជកម្មអឺរ៉ុបដែលបានមតិ និងយោបល់ពីក្រុមហ៊ុនដែលជាសមាជិកចំនួន,៧០០

គួរបញ្ជាក់ថា ក្នុងរបាយការណ៍មួយនេះ ក្រុមហ៊ុនអឺរ៉ុបជឿថា ពួកគេអាចក្លាយជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលចិនដោយសារតែសកម្មភាពរដ្ឋាភិបាលរបស់ប្រទេសគេដែលប្រឆាំងចិន ត្រង់ចំណុចនេះប្រទេសអូស្ត្រាលីក្លាយជាទាហរណ៍ស្រាប់ដោយសារតែទំនាក់ទំនងតានតឹងជាមួយអូស្ត្រាលី និងចិនបានដាក់ពន្ធនាំចូលជាង៨០ភាគរយទៅលើស្រូវសាលីរបស់អូស្ត្រាលី ដែលធ្វើឲ្យរាំងខ្ទប់ដល់ជំនួញដែលមានតម្លៃរាប់ពាន់លានដុល្លារ ចិនបើកការស៊ើបអង្កេតលើជំនួញខ្លះទៀតរបស់ក្រុមហ៊ុនអូស្ត្រាលីដែរ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និយាយថាក្រៅពីនេះវិបត្តិ COVID-19 ក៏ក្លាយជាហេតុផលនៃការរឹតត្បិតក្នុងការធ្វើដំណើរ ដែលធ្វើឲ្យបុគ្គលិករបស់ក្រុមហ៊ុនអឺរ៉ុបជាច្រើនមិនអាចត្រឡប់ចូលចិនវិញ ស្របពេលដែលការរើសអើងទៅលើជនបរទេស មិនត្រូវបានមន្ត្រីចិនអើពើឡើយក្រុមហ៊ុនចិនទាំងនោះក៏បានលើកជាសំណួរផងដែរថា តើជាផ្នត់គំនិតរបស់ចិនដែលចង់បានបច្ចេកវិទ្យា និងមូលធនពីបរទេស តែមិនស្វាគមន៍ជនបរទេសទៅវិញ​?

ក្រុមហ៊ុនអឺរ៉ុប ចំពោះវិស័យទាំងឡាយក្នុងសេដ្ឋកិច្ចចិនវិញ ក៏សង្កេតឃើញថា៖ ចិនមិនទាន់បើកចំហរទីផ្សារបានពេញលេញនៅឡើយទេពួកគេនៅប្រឈមជាមួយនឹងបញ្ហាការិយាធិបតេយ្យ ដែលមិនអនុញ្ញាតឲ្យបានធ្វើជំនួញបានពេញលេញក្នុងវិស័យធនាគារ និងធានារ៉ាប់រងផងដែរ

បើតាមរបាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ចិនហាក់បីដូចជាមានការកំណត់លើវិស័យមួយចំនួន ដែលរឹតត្បិតមិនឲ្យមានការវិនិយោគពីបរទេស ផ្តល់ការគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកចិន រហូតធ្វើឲ្យក្រុមហ៊ុនអឺរ៉ុបមិនអាចប្រកួតប្រជែងជាមួយបាន បច្ចុប្បន្ន វិស័យទូរគមនាគមន៍ ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលមានសក្តានុពលក្នុងការរីកលូតលាស់ ត្រូវបានរដ្ឋាភិបាលចិនរឹតត្បិតចំពោះការវិនិយោគពីបរទេស

ដោយ៖ស តារា


ចែករំលែក៖