ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃដែលអាមេរិក មិនអាចបំភ្លេចបាន ១១កញ្ញាឆ្នាំ​២០០១

ចែករំលែក៖

នៅថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ពលរដ្ឋទីក្រុងញូវយ៉ករស់នៅនិងបំពេញការងារជាធម្មតាដូចរាល់ថ្ងៃ​​ដោយមិនបានគិតថានឹងមានរឿងអាក្រក់អ្វីកើតឡើងឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី​១១ខែកញ្ញានោះបានក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិក ​ ហើយបានជំរុញឲ្យអាមេរិកត្រូវធ្វើសង្គ្រាមអស់រយៈពេល​ជិតពីរទសវត្សរ៍មកហើយ។
រយៈពេល​១៩​ឆ្នាំមកហើយ ពលរដ្ឋអាមេរិកក៏ដូចជាពិភពលោក ទាំងមូលបានឃើញទិដ្ឋភាពដ៏រន្ធត់បំផុត​ក្នុងឆាកជីវិត ពីអគារភ្លោះពាណិជ្ជកម្ម ត្រូវយន្តហោះដឹកអ្នកដំណើរពីរគ្រឿង​ ដែលក្រុមភេរវកម្មប្លន់បុកចំអគារទាំងពីរនោះ។
នៅវេលាម៉ោង​៨និង​៤៦នាទី ថ្ងៃទី​១១ខែកញ្ញា ជើងហោះហើរ​របស់ក្រុមហ៊ុនអាកាសចរណ៍American Airlines ដែលហោះហើរពីទីក្រុង ញូវយ៉ក ទៅកាន់ទីក្រុង Los Angeles ត្រូវក្រុមភេរវករអាល់កៃដាប្លន់នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Boston ហើយបញ្ជាឱ្យហោះទៅបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកតែម្តង។
មនុស្សជាច្រើនមិនជឿពីអ្វីដែលខ្លួនបានមើលឃើញនោះឡើយ គឺទិដ្ឋភាពយន្តហោះបើកសំដៅទៅបុកអគារ​។ ពេលដំបូង គេយល់ថានោះជាគ្រោះថ្នាក់​យន្តហោះតែប៉ុណ្ណោះ ។ ប៉ុន្តែរយៈពេល​១៧នាទីក្រោយមក យន្តហោះដឹកអ្នកដំណើរទីពីរ​មានលេខហោះហើរ​១៧៥ របស់ក្រុមហ៊ុនUnited Airlines ក៏បានហោះសំដៅទៅបុកអគារទីពីរ នៅវេលាម៉ោង​៩ និង​៣នាទី ហើយនៅវេលាម៉ោង១០និង​៣០នាទី អគារភ្លោះបានដួលរលំទាំងស្រុងតែម្តង ធ្វើឲ្យមនុស្សជាច្រើនរត់យករួចខ្លួនទាំងព្រលឹងចុងសក់។
នៅពេលនោះពលរដ្ឋអាមេរិក ពិតជាភ័យបារម្ភ​ខ្លាំងណាស់ ក្រោយដឹងថាជាការវាយប្រហារភេរវកម្ម ដោយមិនដឹងថាទីតាំងណាទៀតនឹងត្រូវរងការវាយប្រហារនោះឡើយ ។ ជាមួយគ្នានោះ​ក្រុមភេរវកម្ម​បានប្លន់យន្តហោះ​បើកបុកសំដៅទៅលើមន្ទីរបញ្ចកោណអាមេរិក តែមិនចំគោលដៅ ចំណែកមួយគ្រឿងទៀតក៏បានធ្លាក់នៅវាលស្រែ។
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ក្រុមភេរវករ១៩នាក់បានប្លន់យន្ដហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿងក្នុងពេលតែមួយសម្រាប់វាយប្រហារទៅលើទីតាំងសំខាន់ៗនៅក្នុងទឹកដីអាមេរិក។ ការវាយប្រហារ របស់ពួកភេរវករបានសម្លាប់មនុស្សប្រមាណ៣ពាន់នាក់មកពី៩០ប្រទេសផ្សេងគ្នាសុទ្ធសឹងតែជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ ការវាយប្រហារនោះដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ដល់អាមេរិក ពិសេសទៅលើវិស័យសេដ្ឋកិច្ច នយោបាយប្រទេសមហាអំណាចទី១នៅលើពិភពលោក។ តាំងពីពេលនោះមកនយោបាយពិភពលោកក៏បានប្រែប្រួល សង្គ្រាមប្រឆាំងភេរវកម្មក៏បានកើតឡើង ៕

ដោយ៖ធី រីណា


ចែករំលែក៖