ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារ COVID-19 បានធ្វើឲ្យករណី​អត្តឃាតនៅប្រទេសថៃ កើន​ឡើងដល់​២២​ភាគរយ​បើធៀបនឹងឆ្នាំមុន

ចែករំលែក៖

អន្តរជាតិ៖ បើតាមមន្ត្រីសុខាភិបាលថៃ អះអាងថា៖ ករណីចំនួនអ្នកធ្វើអត្តឃាតនៅប្រទេសថៃបើគិតត្រឹមពាក់កណ្តាលឆ្នាំនេះ បានកើនដល់២២ភាគរយធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន​ ​ដោយសារ COVID-19 ដែលនេះជារឿងដែលគួរឲ្យបារម្ភ

យោងតាមនាយកដ្ឋានសុខភាពផ្លូវចិត្តថៃ នៅថ្ងៃទី១០ ខែកញ្ញា  ឆ្នាំ២០២០ដែលជាទិវាពិភពលោកបង្ការការធ្វើអត្តឃាត បានបង្ហាញពីការកើនឡើងនៃតួលេខអ្នកធ្វើអត្តឃាតត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ ជាក់ស្តែងទិន្ន័យនេះ បានបង្ហាញថា ខែដើមឆ្នាំ២០២០ អ្នកធ្វើអត្តឃាតមានចំនួន,៥៥១ករណី ដែលមានការកើនឡើង២២ភាគរយធៀបទៅនឹងឆ្នាំមុនដែលមាន,០៩២ករណី បញ្ហាផ្ទាល់ខ្លួន ជំងឺធ្លាក់ទឹកចិត្តសម្ពាធសេដ្ឋកិច្ច និងគ្រឿងស្រវឹងសុទ្ធតែជាហេតុផលនៃការធ្វើអត្តឃាត

ដោយឡែកលោក Kiattiphum Wongrajit អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពផ្លូវចិត្ត បានលើកឡើងថា កំណើនករណីអត្តឃាតដោយសារតែជំងឺCOVID-19 គឺជារឿងដែលគួរឲ្យបារម្ភដែរ លោក​Kiattiphum បន្ថែមថាការវាយតម្លៃពីមូលហេតុនៃកើនឡើងករណីអត្តឃាត គឺស្របគ្នាទៅនឹងការសិក្សាដទៃទៀតនៅបរទេស នេះបើតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍

សូមជម្រាបថា កាលពីខែមីនា ការសិក្សាមួយរបស់សាកលវិទ្យាល័យឈៀងម៉ៃ រកឃើញថា ករណីអត្តឃាត២៨ ក្នុងចំណោម៣៨ មានជាប់ពាក់ព័ន្ធដោយសារការបិទប្រទេស កាលនោះ ថៃ ស្ថិតក្នុងក្រោមវិធានការបិទប្រទេស បណ្តាលឲ្យរោងចក្រ និងក្រុមហ៊ុនជាច្រើនផ្អាកការរកស៊ីជាបណ្តោះអាសន្ន ចំណែកការសិក្សារបស់សាកលវិទ្យាល័យ Oxford វិញបានបង្ហាញថា COVID-19 ដើរតួនាទីមួយផ្នែកក្នុងករណីអត្តឃាតការសិក្សានោះក៏ព្រមានផងដែរ ថា បញ្ហានេះអាចនឹងបន្ត ទោះជំងឺឆ្លងនេះចប់ក៏ដោយ

កាសែតថៃបាងកកប៉ុស្តិ៍ និយាយថា ដើម្បីកាត់បន្ថយ ករណីអត្តឃាតមួយនេះ មន្ត្រីសុខាភិបាលថៃបានស្វះស្វែងរកការសហការពីភ្នាក់ងារបង្ក្រាបបទល្មើសថៃ ដោយស្នើឲ្យជួយពិនិត្យតាមបណ្តាញសង្គមនានា ត្បិតអ្នកដែលប៉ុនប៉ងធ្វើអត្តឃាតខ្លះបង្ហាញសញ្ញាទុក្ខព្រួយ បង្ហោះរូបភាព និងវីដេអូយំសោកនៅក្នុងបណ្តាញសង្គមដើម្បីស្វែងរកជំនួយពីអ្នកដទៃ

ប្រធានទីភ្នាក់ងារបង្ក្រាបបទល្មើសរបស់ថៃ លោក Jirabhop Bhuridej បានបញ្ជាក់ថា ប៉ូលីសនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត ក៏ដូចជាក្រុមហ៊ុនបណ្តាញសង្គមដើម្បីស្វែងរកមនុស្សដែលចង់បញ្ចប់ជីវិតរបស់ពួកគេ ដែលសរសេរសារលើ Facebook បណ្តាញសង្គមផ្សេងទៀត ប៉ូលីសថៃ ក៏ត្រូវបានអនុញ្ញាតឲ្យចូលទៅរារាំងសកម្មភាពធ្វើអត្តឃាត រហូតដល់ពេលមន្ត្រីសុខាភិបាលមកដល់ដែរ

គួរបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនមែនមានតែថៃទេដែលឃើញមានករណីអត្តឃាតកើនឡើង ករណីអត្តឃាតរបស់យុវជនសិង្ហបុរីក៏មានការកើនឡើងផងដែរ៕ដោយ៖ស តារា


ចែករំលែក៖