អន្តរជាតិ៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់មនុស្សច្រើនជាង ៩០០,០០០នាក់ក្នុងរយៈពេលជាង៦ខែមកនេះ ។ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកញ្ញា ឆ្នាំ២០២០ បានអំពាវនាវឲ្យមានការផ្តល់ជំនួយជាទឹកប្រាក់ជាបន្ទាន់ សម្រាប់៣ខែខាងមុខ ។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ លោក អាន់តូនីញ៉ួ ហ្គួទែរែស(Antonio Guterres) អគ្គលេខាធិកាអង្គការសហប្រជាជាតិ បានជំរុញឲ្យប្រទេសនានាផ្តល់ថវិកាបន្ថែមចំនួន ១៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល០៣ខែទៀត ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីជម្រុញសកម្មភាព (ACT-Accelerator) ដែលជាកិច្ចសហការថ្នាក់សកល ដើម្បីស្វែងរកវ៉ាក់សាំងនិងការព្យាបាល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក(WHO)។
អគ្គលេខាធិកាអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា៖ “តើយើងត្រូវតែឈររួមគ្នា ឬយើងនឹងត្រូវវិនាសទាំងអស់គ្នា? ព្រោះថាវីរុសកូរ៉ូណា(COVID-19) គឺជាការគំរាមកំហែងលេខមួយ ដល់សន្តិសុខពិភពលោកនៅពេលនេះ” ។
សូមជម្រាបថា អង្គការសហប្រជាជាតិត្រូវការថវិកាបន្ថែម ដើម្បីបង្កើនឱកាសស្វែងរកដំណោះស្រាយជាសកល ក្នុងការធ្វើឲ្យពិភពលោករបស់យើងទាំងអស់គ្នា បន្តដើរទៅទៅមុខ និងរីកចម្រើន។
ដោយឡែកលោក Antonio Guterres បានលើកឡើងថា ទឹកប្រាក់ជិត«៣ពាន់លានដុល្លារ» ដែលត្រូវបានចូលរួមតាមវិភាគទានកន្លងមកនេះពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែយើងត្រូវការ ៣៥ពាន់លានដុល្លារបន្ថែមទៀតដើម្បីផ្លាស់ប្តូរពីការចាប់ផ្តើមដល់ការបង្កើនលទ្ធភាព ដោយចាប់ផ្តើមពីទឹកប្រាកដំបូង ១៥ពាន់លានដុល្លារក្នុងរយៈពេល ០៣ខែខាងមុខ៕ដោយ៖ស តារា