ព័ត៌មានទាន់ហេតុការណ៍៖

ភាគីចិន និងឥណ្ឌា យល់ព្រមព្រៀងគ្នា​ជាថ្មី ដើម្បីទប់ស្កាត់ការខ្វែងគំនិតលើបញ្ហាព្រំដែន

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក វ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានបើកកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌា គឺលោក ចៃហ្សាំងការ (Jaishankar) ស្ដីពីស្ថានភាពបច្ចប្បន្ននៅឯតំបន់ព្រំដែន និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

ក្នុងកិច្ចពិភាក្សាខាងលើ លោក វ៉ាង យី បានលើកឡើងថា៖ វាជារឿងធម្មតាដែលចិន និងឥណ្ឌាមានការខ្វែងគំនិតគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះគឺប្រទេសទាំងពីរគួរតែដោះស្រាយការខ្វែងគំនិតគ្នានេះតាមមធ្យោបាយដ៏ត្រឹមត្រូវ នៃទំនាក់ទំនងទ្វេភាគី។ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ បន្ថែមថា ប្រទេសចិន និងឥណ្ឌាមិនគួរចាត់ទុកគ្នាជាគូប្រជែង ឬក៏គំរាមកំហែងគ្នាទៅវិញទៅមកនោះទេ តែត្រូវមើលគ្នាក្នុងនាមជាដៃគូនិងផ្ដោតទៅលើឱកាសនៃការអភិវឌ្ឍ។

ដោយឡែកភាគីឥណ្ឌាលោក Jaishankar បានថ្លែងថា៖ ឥណ្ឌាមិនចង់ឱ្យមានភាពតានតឹង នៅតំបន់ព្រំដែនឡើយ ដោយគោលនយោបាយចំពោះចិនមួយនេះ គឺនៅតែដដែលមិនផ្លាស់ប្ដូរឡើយ ហើយឥណ្ឌាក៏ជឿជាក់ដែរថាប្រទេសចិនអាចរក្សាគោលនយោបាយបែបនេះ ដូចគ្នាចំពោះឥណ្ឌា។

សូមជម្រាបថា ក្រោយបញ្ចប់កិច្ចប្រជុំ នាឱកាសចូលរួមកិច្ចវេទិកាក្រុមប្រឹក្សាថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការសហប្រតិបត្តិការសៀងហៃដែលប្រព្រឹត្តទៅនាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រទី១១ ខែកញ្ញានេះ លោកវ៉ាង យី និងលោក Jaishankar ក៏បានឯកភាពគ្នាផងដែរលើ ០៥ចំណុចធំៗ ក្នុងនោះរួមមានការទប់ស្កាត់មិនឱ្យ ការខ្វែងគំនិតគ្នាក្លាយទៅជម្លោះ, រក្សាទំនាក់ទំនង និងបញ្ជៀសរាល់សកម្មភាពទាំងឡាយ ដែលអាចបង្កភាពតានតឹងជាដើម។

គួរបញ្ជាក់ថា នៅមុនកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងចិនត្រូវបានធ្វើឡើងនោះ ប្រទេសយក្សអាស៊ីទាំងពីរនេះ បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការចល័តទ័ពខុសប្រក្រតី និងការបាញ់គ្រាប់កាំភ្លើងព្រមានដាក់គ្នា នៅតំបន់ព្រំដែនកំពុងមានជម្លោះដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភថា ការផ្ទុះអាវុធជាថ្មីនឹងអាចកើតឡើង៕ដោយ៖ស តារា


ចែករំលែក៖